បាត់ដំបង៖យុវជន២នាក់ព្រួតគ្នាវាយជនរងគ្រោះម្នាក់របួសធ្ងន់ខណៈកំពុងផឹកសុី ផ្អើលភ្ញៀវរត់ចែកជើងគ្នាក្នុងហាងយីហោសាច់គោអាំងផ្សារលើ២។
ករណីហឹង្សានេះបង្កឡើងកាលពីយប់ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២១ ក្នុងហាងផឹកសុីខាងលើស្ថិតភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
យោងតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងនិងមានការសម្របសម្រួលនិតិវិធីពីលោកកឺ ប៊ុនណ្ណារ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ទើបកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលចុះទៅឃាត់ខ្លួនជនសង្ស័យ (បង្កហេតុ)ចំនួនពីរនាក់។
ជនសង្ស័យទាំងពីរនាក់នោះឈ្មោះ៖ទី១-ព្រំ សុជាតិ ភេទប្រុស អាយុ២១ឆ្នាំ ទី២-ឈ្មោះ ខា សីហា ភេទប្រុស អាយុ១៩ឆ្នាំ ពួកគេទាំងពីរនាក់មានទីលំនៅក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឃាត់ខ្លួនកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១។
ជនរងគ្រោះឈ្មោះ៖សយ វិស័យ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវជនដៃដល់យកដំបងដែកនិងខ្សែក្រវ៉ាត់វាយរបួសក្បាល ចិញ្ចើម ប៉ោងភ្នែកស្តាំ ដេរអស់ជាច្រើនថ្នេរ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលដែលមានលោកវរសេនីយ៍ឯកឈឿង គឹមសុង ជាប្រធានការិយាល័យកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕
ដោយ ៖ សុខ កុសល