គណបក្សប្រជាជនកម្ពុជាស្រុកកោះធំ បានទទួលអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កក្នុងមូលដ្ឋាន
កណ្តាល៖ ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននាព្រឹកថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំទៅជូនគណបក្សប្រជាជនកម្ពុជាស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
គ្រឿងឧបភោគបរិភោគ និងសម្ភារៈដែលត្រូវបាននាំយកប្រគល់ជូននោះរួមមាន៖ អង្ករចំនួន៥តោន មីចំនួន២០កេសធំ ត្រីខចំនួន២០កេសធំ ម៉ាស់ចំនួន៥កេស (ស្មើនឹង១២៥០០ម៉ាស់) ទឹកសុទ្ធចំនួន៣០កេស និងទឹកអាកុលលាងដៃចំនួន៥០កាន (ក្នុងមួយកានមានចំណុះ៣០លីត្រ)។
គួរកត់សម្គាល់ផងដែរថា ដោយសារស្ថានភាពជំងឺកូវីដ-១៩ មិនអនុញ្ញាតឱ្យមានការជួបជុំគ្នាច្រើន ទើបការប្រគល់និងទទួលគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ទាំងនេះធ្វើឡើងត្រឹមតែតំណាងក្រុមការងារមួយចំនួនប៉ុណ្ណោះ ដោយពុំមានការរៀបចំពិធីជាផ្លូវការទេ។
ក្រោយពីការប្រគល់ទទួលរួចមក ក្រុមការងារក៏បានបែងចែកកម្លាំងទៅតាមគោលដៅរៀងៗខ្លួន នាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ទាំងនោះទៅប្រគល់ជូនប្រជាពលរដ្ឋដែលកំពុងសម្រាកធ្វើចត្តាឡីស័កនៅក្នុងមូលដ្ឋានស្រុកកោះធំបន្តទៀត។
សូមរម្លឹកជូនថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មិនបានព្រងើយកន្តើយ ឬធ្វេសប្រហែសទេ ពោលគឺនៅតែមានការគិតគូរយកចិត្តទុកដាក់បន្ត តាមរយៈការអប់រំផ្សព្វផ្សាយយ៉ាងទូលំទូលាយដើម្បីឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានជ្រួតជ្រាប និងចូលរួមក្នុងការបញ្ចៀសពីជំងឺដ៏កាចសាហាវនេះ៕