សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ចូលរួមរំលែកទុក្ខ នូវគ្រឿង ឧបភោគ ឧបភោគ រួមទាំងថវិកា ជូនដល់គ្រួសារសព លោក ឡៅ វណ្ណា ដែលទទួល មរណភាព ដោយសារជំងឺកូវីដ១៩ 

ភ្នំពេញ៖ នៅវេលាម៉ោង ១០ និង០០ នាទីព្រឹក ថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី​ ១៧ ខែមីនា​ ឆ្នាំ២០២១នេះ​ ឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃគណៈកម្មាធិការកាកបាទក្រហមកម្ពុជា អមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បាននាំយកគ្រឿងឧបភោគ-បរិភោគ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព លោក ឡៅ វណ្ណា ដែលបានទទួលមរណភាពកាលពីថ្ងៃ ទី១១ ខែមីនា ឆ្នាំ ២០២១ ក្នុងជន្មាយុ ៥០ឆ្នាំ ដោយសារជំងឺកូវីដ-១៩ ។

ក្នុងឱកាសនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានលើកឡើងថា សូមក្រុមគ្រួសារនៃសព លោក ឡៅ វណ្ណា និងកូនៗ កុំមានក្តីបារម្ភ និងអស់សង្ឃឹម អំពីជីវភាពគ្រួសារ ក្នុងនោះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើ លោកអភិបាលខណ្ឌមានជ័យ ជួយពិនិត្យថែទាំ និងសម្រួលដល់ស្ថានភាពជីវភាពគ្រួសារសព ឲ្យបានសមរម្យផងដែរ ។

បន្ទាប់មក ឯកឧត្ដម អ៊ុយ សំអាត បានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសំដែងនូវសមាណទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និង អាលោះអាល័យជាទីបំផុត និង សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់លោក ឡៅ វណ្ណា បានសោយសុខក្នុងទីឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។ ឯកឧត្ដម បានបន្តទៀតថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។

ក្នុងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមរំលែកទុក្ខនូវ គ្រឿង ឧបភោគ ឧបភោគ មានដូចជា អង្ករ ២បាវ ស្មើ១០០គីឡូគ្រាម មី ៥កេស ត្រីខ ៥យួរ ភេសជ្ជៈ ៥កេស និងថវិកា ៥,០០០,០០០ ៛( ប្រាំលានរៀល) ។

អត្ថបទដែលជាប់ទាក់ទង
Open

Close