ខេត្តកំពង់ស្ពឺ៖ នៅរសៀលថៃ្ងទី១៦ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៤០នាទី កម្លាំងព្រហ្មទណ្ឌស្រុក បានធ្វើការឃាត់ខ្លួនជនល្មើស ឈ្មោះ ម៉ៃ សៅគៀង ភេទប្រុស អាយុ ២៧ឆ្នាំ ពាក់ព័ន្ធ ករណីឃាតកម្ម ដោយចេតនា ធ្វើសកម្មភាព យកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះ ឈ្មោះ សែម ភា ហៅវ៉េវ ភេទ ប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ភូមិឃុំជាមួយជនល្មើស ។
តាមការបញ្ជាក់ពីសមត្ថកិច្ច ជនល្មើសបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ នៅពេលជនរងគ្រោះកំពុងអង្គុយចិតផ្លែស្វាយ នៅខាងក្រោយផ្ទះ ដោយមិនបានដឹងខ្លួន ជនល្មើសកាប់ចំនួន៤កាំបិត ចំក្បាលលើត្រជៀក ខាងស្ដាំ ១កាំបិត កញ្ចឹងក ២កាំបិត សង្ខាង កែងដៃខាងស្ដាំ ១កាំបិត បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។
មូលហេតុ គឺជនល្មើសចោទប្រកាន់ សង្ស័យថា ប្រពន្ធខ្លួនមានទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយជនរងគ្រោះ។
បច្ចុប្បន្នជនល្មើស ត្រូវបានកំលាំងនគរបាល ធ្វើការឃាត់ខ្លួនរួមជាមួយ វត្ថុតាងកាំបិតផ្គាក់ បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកសំរោងទង សាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចំណាត់ការបន្ត៕