ក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សថ្មីមួយបន្ថែមទៀត ប៉ុន្តែត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃជាមុន ដើម្បីទទួលបានសុពលភាពក្នុងការធ្វើសកម្មភាពនយោបាយ

ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សកែទម្រង់កម្ពុជា ដែលសរសេរជាអក្សរកាត់ «គកក» និងមានឈ្មោះជាអក្សរឡាតាំង «CAMBODIA REFORM PARTY» ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល នៅផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ទន្ទឹមនេះ ផ្អែកតាមបញ្ញត្តិ មាត្រា១១ថ្មី នៃច្បាប់ស្តីពី គណបក្សនយោបាយ ក្រសួងមហាផ្ទៃ ស្នើឲ្យតំណាងស្ថាបនិក គណបក្សធ្វើការផ្លាស់ប្តូរពាក្យ «សង្គ្រោះ បំរើ ការពារ» ដែលមាននៅក្នុងសញ្ញាសម្គាល់របស់គណបក្ស ដោយសារ ពាក្យនេះដូចគ្នានឹងបាវចនារបស់គណបក្សនយោបាយ ដែលត្រូវបានរំលាយដោយសាលដីកាតុលាការកំពូល។

ដូច្នេះ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ គណបក្សកែទម្រង់កម្ពុជា ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ ព្រមទាំង ផ្លាស់ប្តូរពាក្យដែលមាននៅក្នុងសញ្ញាសម្គាល់របស់គណបក្ស ដូចដែលបានណែនាំខាងលើ៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

អត្ថបទដែលជាប់ទាក់ទង
Open

Close