ខេត្តកំពង់ចាម៖ ក្រោយទទួលបានពត៌មានពីអាជ្ញាធរ និងសមត្ថកិច្ចឃុំស្ពឺ ស្រុកចំការលើ ថាមាន ករណី បរុសចំណូលស្រុក មកពីខេត្តព្រះសីហនុ ២នាក់ បានលួចរត់មកស្រុកកំណើតនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ដែលមានឈ្មោះ ១,ឈ្មោះ ឆេង នី ភេទប្រុស អាយុ២៨ឆ្នាំ (លេខទូរស័ព្ទ ០៩៦ ៣៦៤ ៩៧ ៤៨) និងបរុសម្នាក់ទៀត ឈ្មោះ ឆេង ងួន ភេទប្រុស អាយុ៣០ ឆ្នាំ។
បើតាមការឲ្យដឹងពីសមត្ថកិច្ចថា អ្នកទាំង២ នាក់ ប្រកបរបរជាកម្មករធ្វើថ្នល់ នៅខេត្តព្រះសុីហនុ បានត្រឡប់មកដល់ស្រុកកំណើតវិញ កាលពីវេលាយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២០:០០នាទី ដោយបានសុំរថយន្ដដឹកកូនស្វាយចន្ទី (មិនស្គាល់ម្ចាស់) ជិះចេញពីខេត្តព្រះសីហនុ ដោយពុំបានឆ្លងកាត់ការធ្វើចត្តាឡីស័កនៅឡើយទេ។
ដោយបានការណែនាំ ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្តមបានបញ្ជារឲ្យអាជ្ញាធរ និងមន្ត្រីសុខាភិបាល ស្រុកចំការលើ នាំយកអ្នកទាំង២ នាក់ ដឹកតាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុក បញ្ចូនមកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកម្រិត២ នាសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ឲ្យបានឆាប់បំផុតផងដែរ៕