(ខេត្តកំពត)៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានពិនិត្យឃើញមានគណនីហ្វេសប៊ុកឈ្មោះ Samnang In បានធ្វើការផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ដែលមានខ្លឹមសារថា «សូមអាជ្ញាធរ ភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ជួយរកយុត្តិធម៌អោយផង អ្នកបើកបរឡានមួយនេះ មានទាំងដាវចង់កាប់ប្រជាពលរដ្ឋទៀត ដោយសារបើកបររាល់ថ្ងៃហើយខាងក្រុមហ៊ុនមិនបាញ់ទឹកធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋខ្លាំង …»
ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម លោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកឈូ ធ្វើការស្រាវជ្រាវជុំវិញករណីនេះ មកដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០:១៥នាទី បានឃាត់រថយន្តសណ្តោង ១គ្រឿង ម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ3F-0713 កន្ទុយសណ្តោង ផ្លាកលេខ កំពត 4A-0033 អ្នកបេីកបរឈ្មោះ ណុល វុទ្ធី ភេទប្រុស អាយុ៤១ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិចង្កោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ពីបទប៉ុនប៉ងប្រេីហិង្សាជាមួយប្រជាពលរដ្ឋ នៅភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ កាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០២១ វេលាម៉ោង ១៣ និង២៧នាទី និងដកហូតសោរ (មាត់) សម្រាប់ដោះគ្រឿងបន្លាស់រថយន្ត។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បានកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី៕