ប្អូនៗ ជាសិស្ស ម្តេចមិនប្រឹងរៀនសូត្រ បែរជាធ្វើរឿងអាម៉ាស អោយឪពុកម្តាយពិបាកចិត្ត!

ខេត្តតាកែវ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ស្រាវជ្រាវមុខសញ្ញាក្មេងទំនើង ដែលជិះម៉ូតូដេញវាយគ្នាចំនួន ៥នាក់ នៅចំណុចរមនីយ៍ដ្ឋានភ្នំជីសូរ ដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំ។

សូមរំលឹកថានៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៧ និង៣០នាទី មានករណីក្មេងទំនើងដេញវាយគ្នានៅចំណុចមុខវិទ្យាល័យភ្នំជីសូរ ស្ថិតក្នុងភូមិត្រពាំងស្រង់ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ រវាងក្មេងទំនើងពីរក្រុមមិនស្គាល់អត្តសញ្ញាណ តែមិនបណ្តាលឱ្យមានភាគីណារងរបួសឡើយ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់បន្សល់ទុកម៉ូតូ០១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខភ្នំពេញ1DG-4109 នៅកន្លែងកើតហេតុ នឹងត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលស្លាដកហូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្លា ដើម្បីស្រាវជ្រាវ។

ក្រោយធ្វើការស្រាវជ្រាវ កម្លាំងជំនាញបានឱ្យដឹងថា ម្ចាស់ម៉ូតូខាងលើខាងលើមានឈ្មោះ យ៉ែម ឧត្តម ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិគោកទ្រា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ជាសិស្សរៀននៅវិទ្យាល័យភ្ញីមាស នៅវេលាកើតហេតុខ្លួន និងមិត្តភ័ក្រចំនួន០៣នាក់ទៀតបានជិះម៉ូតូដើរលេងនៅរមនីយ៍ដ្ឋានភ្នំជីសូរ តែត្រូវក្មេងទំនើងមួយក្រុមទៀតមិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូដេញវាយ បណ្តាលឱ្យខ្លួនដួលម៉ូតូ ហើយរត់គេចខ្លួនតែម្តង។លុះនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ត្រូវបានអាណាព្យាបាល បានមកសុំធានាយកម៉ូតូដើម្បីទៅប្រើប្រាស់វិញដោយមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានផងដែរ និងមិនបានដាក់ពាក្យប្តឹងនោះទេ។

ដើម្បីលុបបំបាត់បញ្ហាក្មេងទំនើងក្នុងមូលដ្ឋាន លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ធ្វើការស្រាវជ្រាវតាមរយៈវីដេអូរ ដែលបានផុសផ្សាយដោយគណនីហ្វេសប៊ុកឈ្មោះ កូន កសិករ និងបានកំណត់មុខសញ្ញាក្មេងទំនើងចំនួន ០៤នាក់បន្ថែមទៀត ពាក់ព័ន្ធសកម្មភាពដេញវាយគ្នាតាមទីសាធារណៈនេះ រួមមានទី១ឈ្មោះ ញឹក វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិក្តាញ់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ទី២ឈ្មោះ តុង មេសា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិក្តាញ់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ទី៣ឈ្មោះ សុំ សុធារិទ្ធ ភេទបុ្រស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃផ្តៅត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស និងទី៤ឈ្មោះ រឿង សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិត្រពាំងស្រាយ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ទាំង០៤នាក់ជាសិស្សរៀននៅវិទ្យាភ្ញីមាស។ ដោយមានការសុំធានាពីសំណាក់អាណាព្យបាលផង ដោយកក្រុមយុវជនទាំង០៤នាក់នេះកំពុងនៅសិក្សា និងពុំមានការប្តឹងពីភាគីម្ខាងទៀតផងនោះ ក្រោយធ្វើការសាកសួររួចកម្លាំងជំនាញបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាលាយលក្ខអក្សរនៅចំពោះមុខអាណាព្យាបាលមិនឱ្យមានការប្រព្រឹតអំពើបែបនេះតទៅទៀតឡើយ និងបានអនុញ្ញាតិឱ្យអាណាព្យាបាលនាំទៅគេហដ្ឋានវិញរៀងៗខ្លួនដើម្បីអប់រំបន្ថែមទៀត។

អត្ថបទដែលជាប់ទាក់ទង
Open

Close