ជិះម៉ូតូគេច គោលដៅត្រួតពិនិត្យ ចត្តាឡីស័ក ចំណុចព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត

ខេត្តព្រះសីហនុ៖ នៅថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២១ មានករណី ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខតាកែវ 1N-1335 មានគោលដៅពីខេត្តព្រះសីហនុ ទៅខេត្តកំពត បានជិះគេចគោលដៅត្រួតពិនិត្យចត្តាឡីស័ក ត្រង់ចំណុចស្ពានត្រពាំងរពៅ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ធ្វើការពិន័យអន្តរការណ៍។

យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកព្រៃនប់នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ដូចខាងក្រោម៖

ឈ្មោះ ភុល សារ៉ូ ភេទប្រុស បានជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1N-1335 បានជិះម៉ូតូគេច«​គេចវេះ​ ពីប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កនៅចំណុចត្រពាំរពៅ (ផ្លូវជាតិលេខ៣) ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត ត្រូវគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ធ្វើការពិន័យអន្តរការណ៍ចំនួន ១,០០០,០០០ រៀល។

យោងតាមអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់មាត្រា២២ ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ចំពោះបុគ្គលដែលគេចវេះ​ ពីការធ្វើ ចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក តែមិនបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។

ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។

សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរស្រុក ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង
Open

Close