អភិបាលខេត្តត្បូងឃ្មុំ ដាក់ចេញវិធានការ១២ចំណុច ឱ្យអាជ្ញាធររួមគ្នាត្រូវអនុវត្តន៍ឲ្យខានតែបាន ដើម្បីទប់ស្កាត់កូវីដ១៩
ខេត្តត្បូងឃ្មុំ ៖ អនុវត្តន៍តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយគណៈកម្មការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ថ្នាក់ខេត្ត-ស្រុក សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុងស្រុក និងមន្ទីរពាក់ព័ន្ធ ដើម្បីរៀបចំទីតាំងកប់ និងដុតសព អ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានកោតសរសើរអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញភារកិច្ចការងារទាំងយប់ទាំងថ្ងៃ ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងខេត្តត្បូងឃ្មុំ ក៍ដូចជំរុញឲ្យក្រុមការងារទាំងអស់បន្តពង្រឹងបន្ថែម។
ជាមួយនឹងការបំពេញការងារបានយ៉ាងល្អនាពេលកន្លងមកហើយនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការក្រើនរំលឹក ណែនាំ និងដាក់ចេញវិធានការមួយចំនួន បន្ថែមទៀត ដើម្បីពង្រឹងការងារកាន់តែមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់ ធានាដល់ការទប់ស្កាត់ការឆ្លងរាលដាលចូលក្នុងសហគមន៍ក្នុងខេត្តត្បូងឃ្មុំ ដោយចាត់ឲ្យគណៈគណៈកម្មការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ថ្នាក់ខេត្ត-ស្រុក អភិបាលក្រុងស្រុក មន្ទីរជំនាញ និងអាជ្ញាធររួមគ្នាត្រូវអនុវត្តន៍ឲ្យខានតែបាន រួមមាន៖
ទី១៖ ត្រូវរៀបចំការដឹកជញ្ជូនពលរដ្ឋ ក៏ដូចជាពលករឲ្យបានត្រឹមត្រូវ ពិសេសដឹកចូលមកខេត្តត្បូងឃ្មុំ ទៅកាន់ទីតាំងចត្តាឡីស័ក ដែលលើសពី៥ឡានឡើងត្រូវមាន ឡានសារ៉ែន ជៀសវាងគ្រោះថ្នាក់នានាតាមផ្លូវ។
ទី២៖ រៀបចំអាហារជូនទាំងនៅតាមផ្លូវ និងនៅទីតាំងចត្តាឡីស័កឲ្យបានគ្រប់គ្រាន់។
ទី៣៖ គ្រប់គ្រងឲ្យបានគ្រប់ទីតាំងចត្តាឡីស័ក និងរៀបចំឲ្យស្អាត មានអនាម័យល្អ ហើយចំពោះអ្នកមានអការៈរោគសញ្ញាសង្ស័យនានា ត្រូវបញ្ជូនទៅបន្ទប់ ដោយឡែកផ្សេងភ្លាម ពីអ្នកកំពុងធ្វើចត្តាឡីស័កដ៏ទៃទៀត។
ទី៤៖ បែងចែកក្រុមការងាររុករកស្រាវជ្រាវមុខសញ្ញាពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ពិសេសរៀបចំកំណត់សញ្ញាណតំបន់ហានិភ័យ មកពីតាមទីតាំងរាជធានីខេត្ត ដែលពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ
ទី៥៖ រៀបចំមន្ត្រីសុខាភិបាល និងសមត្ថកិច្ចប្រចាំការឲ្យបានច្បាស់លាស់២៤ម៉ោងលើ២៤ម៉ោង បន្តពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលលើការងារបច្ចេកទេស និងសម្ភារៈបរិក្ខារឲ្យបានគ្រប់គ្រាន់
ទី៦៖ ត្រូវក្តាប់ព័ត៍មានប្រជាពលរដ្ឋដែលចំណូលស្រុក ដោយឲ្យមេឃុំ មេភូមិ មេប៉ុស្តិ និងប្រជាការពារ បែងចែកតាមដានឲ្យបានច្បាស់លាស់ដល់ខ្នងផ្ទះ។
ទី៧៖ រួមគ្នាសិក្សាលទ្ធភាព រៀបចំទីតាំងឈាបបដ្ឋាន និងកន្លែងកប់សពឲ្យបានត្រឹមត្រូវ ជៀសវាងការឆ្លងបន្តពីសព ក្នុងករណីមានអ្នកស្លាប់។
ទី៨៖ គ្រប់សាសនាទាំងអស់ អ្នកជំងឺដែលស្លាប់ត្រូវអនុវត្តន៍ការដុត ឬកប់សាកសពទៅតាមតាមវិធានសុខាភិបាល។
ទី៩៖ គ្រប់អាហារដ្ឋានទាំងអស់ត្រូវក្សាគម្លាតកន្លែងអង្គុយ មានម៉ាស់ អាល់កុលឬជែល និងម៉ាស៊ីនវាស់កំដៅនៅមុខទីតាំងចូល បើមិនអនុវត្តន៍តាមត្រូវបិទទីតាំងតែម្តង។
ទី១០៖ គ្រប់ទីប្រជុំជនពិសេសផ្សារ ទាំងអាជីវករ និងអ្នកចូលទៅក្នុងផ្សារ ត្រូវតែពាក់ម៉ាស់បើមិនមានទេដាច់ខាតហាមមិនឲ្យចូល។
ទី១១៖ ត្រូវបន្តធានារក្សាសន្តិសុខសណ្តាប់ធ្នាប់ ពិសេសភូមិឃុំ-សុវត្ថិភាព និងចាំទទួលរាល់សំណើរពលរដ្ឋយកទៅដោះស្រាយ។
ទី១២៖ បន្តផ្សព្វផ្សាយនូវរាល់វិធានការបង្ការទប់ស្កាត់ការឆ្លងបន្តនៃជំងឺកូវីដ១៩ ពិសេសគ្រប់បណ្តាញផ្សព្វផ្សាយទាំងអស់តាមគ្រប់រូបភាព ដោយធ្វើជាយុទ្ធនាការ ផ្សព្វផ្សាយរួមគ្នានូវច្បាប់ថ្មីពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ពីទោសទណ្ឌ និងការផាកពិន័យពិសេសមាត្រា០៧ មាត្រា០៨ និងមាត្រា០៩ ជាការបញ្ច្រាបដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក និងគ្រប់ស្រទាប់មហាជននៅគ្រប់មូលដ្ឋានទូទាំងខេត្តឲ្យបានដឹងនិងយល់ច្បាស់៕