ទៀតហើយ! រថយន្តក្រឡុកស៊ីម៉ង់ត៌ បន្លំដឹកអ្នកដំណើរម្នាក់ ចេញពីខេត្តព្រះសីហនុ តែ..!

សូមជម្រាបជូន កាលពីយប់ថ្ងៃទី​៩ ខែមីនា​ ឆ្នាំ២០២១ មានករណីរថយន្តក្រឡុកស៊ីម៉ង់ត៌ចំនួន១គ្រឿង គោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅខេត្តកំពត បានបន្លំដឹកអ្នកដំណើរម្នាក់ ឆ្លងគោលដៅសមត្ថកិច្ចត្រួតពិនិត្យត្រង់ចំនុចស្ពានត្រពាំងរពៅ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ឃាត់មកអធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។

យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកព្រៃនប់ នៅថ្ងៃទី​១០ ខែមីនា​ ឆ្នាំ២០២១ ដូចខាងក្រោម៖

ឈ្មោះ ទៀង ផាន់នី ភេទប្រុស អាយុ ៣៩ឆ្នាំ បើកបររថយន្តក្រឡុកស៊ីម៉ងត៌របស់ក្រុមហ៊ុនជឿនលឿន ពាក់ស្លាកលេខ ភ្នំពេញ 3A-9421 ដឹកស៊ីម៉ង់ត៌របស់ ក្រុមហ៊ុនខេស៊ីមែនគោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅខេត្តកំពត ដោយបានបន្លំដឹកអ្នកដំណើរម្នាក់ (ខ្មែរ) ជាបុគ្គលិកបំរើការនៅកាស៊ីណូមួយកន្លែង នៅក្នុងក្រុងព្រះសីហនុ មកដល់គោលដៅត្រួតពិនិត្យក៏ត្រូវបានសមត្ថកិច្ចឃើញក៏ឃាត់តែម្ដង។

រថយន្ដខាងលើនេះ ត្រូវបានឃាត់រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។

ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។

សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុង សហគមន៍៕

អត្ថបទដែលជាប់ទាក់ទង
Open

Close