អ្នកបើកបររថយន្តតាក់ស៊ី ដឹកស្រ្តីជនជាតិចិនម្នាក់ គេចចេញពីគោលដៅត្រួតពិនិត្យនៅស្រុកកំពង់សីលា  ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់

ខេត្តព្រះសីហនុ៖ សូមជម្រាបជូនថា អ្នកបើកបររថយន្តតាក់ស៊ី ម៉ាក Highlander ព័ណ៌ស ពាក់ស្លាកលេខ2BD-7028 ដែលបានដឹកស្រ្តីជនជាតិចិនម្នាក់ គេចចេញពីគោលដៅត្រួតពិនិត្យនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ កាលពីយប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់សួរនាំ និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។

យោងតាមចម្លើយសារភាពរបស់អ្នកបើកបររថយន្តតាក់ស៊ីខាងលើ បានឱ្យដឹងថាកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទីយប់ ខ្លួនបានដឹកស្រ្តីជនជាតិចិនម្នាក់ចេញពីក្រុងព្រះសីហនុ ទៅរាជធានីភ្នំពេញ ក្នុងតម្លៃ៣០០ដុល្លាអាមេរិក រហូតមកដល់គីឡូម៉ែត្រ១៥១-១៥២ ខ្លួនបានបើកជែងរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង រួចឃាត់រថយន្តនោះឈប់ដើម្បីឱ្យស្ត្រីជនជាតិចិននោះឡើងជិះដើម្បីបន្លំគេចពីគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចចម្រុះ ព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួច ដោយអ្នកបើកបររថយន្តតាក់ស៊ីនេះបានសន្យាឱ្យប្រាក់ទៅអ្នកបើករថយន្តដឹកទំនិញចាយខ្លះ ហើយខ្លួនបានបន្លំបើករថយន្តគេចទៅរង់ចាំទទួលស្រ្តីជនជាតិចិនខាងលើ នៅខាងមុខគោលដៅត្រួតពិនិត្យជាមុន។ ដោយសាររង់ចាំយូរពេកទើបខ្លួនបានទំនាក់ទំនងទៅខាងរថយន្តដឹកទំនិញទើបដឹងថា ត្រូវបានសមត្ថកិច្ចឃាត់ហើយ ពេលនោះដោយមានការភិតភ័យ ខ្លួនបានបើករថយន្តចោលស្ត្រីជនជាតិចិននោះឆ្ពោះមករាជធានីភ្នំពេញតែម្តង និងរហូតមកដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។

ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។

សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង
Open

Close