ស្ត្រីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងសង្គមជាតិ ដ៏សំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន
ស្វាយរៀង៖ នៅថ្ងៃទី៨ ខែមិនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២១ លើកទី១១០ ក្រោមប្រធាន បទស្តីពី “ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩” ដែលមានការចូលរួមពីភរិយារបស់ ឯកឧត្តម លោកអនុប្រធានមន្ទីរ ស្ត្រីជាមន្ត្រីសុខាភិបាល និងស្ត្រីជាថ្នាក់ដឹកនាំភូមិ ក្នុងសង្កាត់ស្វាយរៀង ជាច្រើនរូបទៀត។
ឯកឧត្តមបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានថ្លែងថា ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ដ៏សំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន។ ឯកឧត្តមបណ្ឌិតបានបន្តថាការរៀបចំពិធីនេះឡើង ក្នុងគោលបំណង បន្តរំលេចពីតម្លៃដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និង អរគុណសន្តិ ភាព ដែលបានប្រែក្លាយប្រទេសកម្ពុជាពីគំនរផេះផង់ បែកបាក់ជាតិ និងបែងចែកទឹកដី ទៅ ជាទឹកដីប្រកប ដោយសន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍន៍ដ៏ ខ្លាំងក្លាលើគ្រប់វិស័យ ព្រមទាំងចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្តាប្រទេសនានា ទាំងក្នុងតំបន់និងសាកលលោក ជាពិសេសសមភាពយេនឌ័រត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ប្រកបដោយលទ្ធផលជាវិជ្ជមានគួរឲ្យកត់សម្គាល់។
ឯកឧត្តមបណ្ឌិតក៏បានថ្លែងគាំទ្រប្រធានបទ នៃទិវាអន្តរជាតិនារី០៨ មីនា ឆ្នាំនេះ ហើយប្រធានបទនេះនឹងក្លាយជាសូចនាករមួយដ៏សំខាន់ក្នុងការបង្កើតភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីកម្ពុជាដែលជាកម្លាំងចលករមួយ ក្នុងការរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ហើយ វាជា កត្តាអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ស្ថានភាព ជីវភាព សិទ្ធិ ឋានៈ តួនាទីរបស់ស្ត្រី និងយុវវ័យក្នុងសង្គម។
ឯកឧត្តមបានថ្លែងបន្តថា សព្វថ្ងៃក្នុងជួររាជរដ្ឋាភិបាលក៏មានស្ត្រីដឹកដឹកនាំតាមក្រសួង មន្ទីរជាច្រើនផងដែរជាពិសេសសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមចំណែកក្នុងសង្គមជួយដល់ពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនិងបានជួយដល់វិស័យសុខាភិបាលយ៉ាងច្រើនដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។
ឯកឧត្តមបណ្ឌិតក៏បានជំរុញដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំអ្នកជំងឺឱ្យបានល្អហើយត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈឲ្យបានត្រឹមត្រូវ ៕ ដោយ:ខ្លាខ្មៅ