ស្រ្តីម្នាក់ មានវិជ្ជមានកូវីដ-១៩ ចាកចេញពីកន្លែងធ្វើការ នៅខេត្តព្រះសីហនុ មកកាន់លំនៅស្ថាន នៅស្រុកពួក ខេត្តសៀមរាប!

សៀមរាប៖ ស្រ្តីម្នាក់ ត្រូវបានអាជ្ញាធរប្រកាស កាលពីយប់ថ្ងៃទី០៨ ខែមីនា ថា មានវិជ្ជមានកូវីដ-១៩ បន្ទាប់ពីគាត់បានធ្វើដំណើរចាកចេញពីកន្លែងធ្វើការ នៅខេត្តព្រះសីហនុ មកកាន់លំនៅស្ថាន ក្នុងភូមិព្រែងវែង ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

យោងតាមរបាយការណ៍របស់ប៉ុស្តិ៍រដ្ឋបាលឃុំសំរាងយា បានឲ្យដឹងថា ស្ត្រីខាងលើ មានឈ្មោះ ហ៊ុន ស៊ីនឿត បម្រើការងារនៅខេត្តព្រះសីហនុ។ ស្ត្រីរូបនេះ បានចាកចេញពីខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៦ ខែមីនា មកដល់ភ្នំពេញនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី០៧ និងម៉ោង១០ បន្តដំណើរមកដល់ខេត្តសៀមរាប វេលា១៧ និង៣០នាទី តាមរយៈរថយន្តក្រុងកាពីតូល។

របាយការណ៍ដដែល បង្ហាញថា លុះមកដល់ចំណត ស្ត្រីខាងលើ បានជិះផាសអេបទៅកាន់ស្រុកពួក និងបានទូរស័ព្ទហៅឱ្យបងស្រីរបស់ខ្លួនឈ្មោះ ហ៊ុន ស៊ីណាន រស់នៅភូមិជាមួយគ្នាមកឌុបទៅផ្ទះ។

របាយការណ៍បន្តថា ពេលមកដល់ផ្ទះ ស្រ្តី ហ៊ុន ស៊ីនឿត បានចូលផ្ទះដោយពុំបានជួបជុំជាមួយម្តាយឪពុក កូនចៅនោះទេ។ ចំណែកបងស្រីឈ្មោះ ហ៊ុន ស៊ីណាន បានទៅស្នាក់នៅផ្ទះរបស់គាត់ជុំប្តីជុំកូនជាធម្មតា។

យោងតាមរបាយការណ៍ដដែលនេះ អ្នករត់ផាសអេប មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ។ ប៉ុន្តែសម្រាប់ស្រី្តឈ្មោះ ហ៊ុន ស៊ីណាន នៅព្រឹកថ្ងៃទី០៨ ខែមីនា ត្រូវបានគេរាយការណ៍ថា បានចូលរួមហែរជំនួនការរបស់កូនអ្នកភូមិជិតខាង។

ពាក់ព័ន្ធនឹងករណីនេះ លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក បានប្រាប់តាមទូរស័ព្ទរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះថា ករណីនេះ អាជ្ញាធរបានចាត់ចែង ប្រមូលអ្នកពាក់ព័ន្ធ យកទៅមណ្ឌលចត្តាឡីស័ក និងយកសំណាកពួកគាត់ទៅធ្វើតេស្ត។ ជាមួយគ្នានេះ អាជ្ញាធរបានអំពាវនាវឲ្យអ្នកពាក់ព័ន្ធក្នុងពិធីហែជំនូនជាមួយស្រី្ត ស៊ីណាន នោះ ឲ្យពួកគាត់ចូលរួមដាក់ខ្លួននៅដោយឡែក និងយកសំណាកទៅពិសោធន៍។

ទោះយ៉ាងណា លោក អភិបាលស្រុកពួក បានបដិសេធ ចំពោះព័ត៌មាន ដែលថា អាជ្ញាធរ បានបិទការចេញចូលស្រុកពួក។ លោកថា មិនមានការបិទបែបនោះឡើយ អាជ្ញាធរគ្រាន់តែបិទសាលារៀនដែលនៅក្នុងឃុំដែលកើតហេតុប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close