លោកជំទាវ ដួង វណ្ណា តំណាងរាស្ត្រខេត្តស្វាយរៀង ទទួលអំណោយពី សមាគមមិត្តភាពកម្ពុជា-វៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត

ស្វាយរៀង៖  នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១លោកជំទាវ ដួង វណ្ណា សមាជិការដ្ឋសភាតំណាងរាស្រ្តខេត្តស្វាយរៀង បានអញ្ជើញទៅទទួលអំណោយរបស់លោកជំទាវកតិ្តសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីចូលរួមអនុវត្តការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 និងរួមដំណើរដោយក្រុមការងារជាច្រើនអ្នកទៀត។

មន្ត្រីក្រុមការងារដែលបានរួមដំណើរទទួលអំណោយពីសមាគម នៅក្រុងបាវិត បានបញ្ជាក់ឲ្យដឹងថា: ម៉ាស ជាជំនួយរបស់សមាគមមិត្តភាពកម្ពុជា-វៀតណាម មានចំនួន 300,000 ម៉ាស់ ដែលគិតជាទម្ងន់ 1តោនកន្លះ សម្រាប់ផ្ដល់ជូនរដ្ឋបាលក្រុង-ស្រុកទាំង8 និងកងកំលាំងប្រដាប់អាវុធទាំង3ប្រភេទ មន្ទីពេទ្យបង្អែកក្រុង-ស្រុកទាំង8 សម្រាប់ផ្ដល់ជូនមណ្ឌលចត្តាឡីស៍ក រដ្ឋបាលឃុំសង្កាត់ទាំង80 និងរួមថវិការចំនួន10លានរៀល ដើម្បីធ្វើសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19 ក្នុងខេត្តស្វាយរៀង។

សូមបញ្ជាក់ផងដែរថា: ក្រោយពីទទួលបានអំណោយជាម៉ាសចំនួន 300,000 ម៉ាស់ នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិតរួចមក លោកជំទាវ ដួង វណ្ណា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បាននាំយកម៉ាស់ទាំងអស់នេះដើម្បីទៅចែកជូនដល់រដ្ឋបាលក្រុង-ស្រុក កងកំលាំងប្រដាប់អាវុធទាំង3ប្រភេទ រួមមានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងកងយោធពលខេមរៈភូមិន្ទ មន្ទីរពេទ្យបង្អែក និងរដ្ឋបាលឃុំសង្កាត់ ភ្លាមៗផងដែរ ដើម្បីឲ្យមន្ត្រីទាំងអស់ចាត់ចែងធ្វើសកម្មភាពក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-19។

លោកជំទាវ ដួង វណ្ណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវកត្តិសង្គហបណ្ឌិត ដែលបានផ្ដល់នូវម៉ាសចំនួន៣០០,០០០ម៉ាស់ ក្នុងការការពារនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19 នៅក្នុងខេត្តស្វាយរៀង។

ជាមួយគ្នានេះផងដែរលោកជំទាវ ដួង វណ្ណា ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវចូលរួមការពារខ្លួនក៏ដូចជួយបំផុសបងប្អូនប្រជាពលរដ្ឋឱ្យអនុវត្តតាមវិធានការ ៣កុំ 3ការពារ និងវិធានការណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាលដើម្បីកុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-19 នៅក្នុងខេត្តស្វាយរៀងផងដែរ៕

ដោយ:ខ្លាខ្មៅ

អត្ថបទដែលជាប់ទាក់ទង
Open

Close