បើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហម ១ខ្សែ ប្រវែង ១០៥០ម៉ែត្រ ទទឹង៥ម៉ែត្រ និងដាក់បង្គោលភ្លើង ដែលជាអំណោយគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តស្វាយរៀង
ស្វាយរៀង៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ លោក នួន លី ហួន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត តំណាង ឯកឧត្តមអភិបាលខេត្ត បានដឹកនាំក្រុមការងាររៀបចំពិធីសែនក្រុងពាលី បើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហម ១ខ្សែ ប្រវែង១០៥០ម៉ែត្រ ទទឹង៥ម៉ែត្រ និងដាក់បង្គោលភ្លើង ដែលជាអំណោយគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត។
ពិធីក្រុងពាលីបើកការដ្ឋានសាងសង់ផ្លូវ១ខ្សែរនេះមានការចូលរួមពីលោក ថោង សាមាន អនុប្រធានក្រុមការងារចុះជួយឃុំបាសាក់ លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ និងអភិបាលរងស្រុក លោកប្រធានការិយាល័យភូមិបាលស្រុក លោក មេឃុំ ក្រុមប្រឹក្សាឃុំ លោក មេប៉ុស្តិ៍នគរបាលរដ្ឋបាល លោកមេភូមិ អនុភូមិ សមាជិកភូមិ ប្រជាពលរដ្ឋ និងក្រុមការងារសាងសង់ផ្លូវថ្នល់មួយចំនួន។
លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ បានថ្លែងថា ដោយមានការយកចិត្តទុកដាក់របស់ ឯកឧត្តមអភិបាលខេត្ត បានសម្រេចផ្តល់នូវផ្លូវមួយខ្សែនេះ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីបានផ្លូវល្អ ងាយស្រួលក្នុងការធ្វើដំណើរនៅមូលដ្ឋានទាំងដឹកកសិផលទៅកាន់ទីផ្សារក៏ដូចជាការធ្វើដំណើររបស់សិស្សានុសិស្សនៅក្នុងភូមិនេះផងដែរ។
លោកអភិបាលស្រុក បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ សុំបើកចិត្តក្នុងការសម្រួលដល់ក្រុ មការសាងសង់ផ្លូវនេះ ឲ្យបានរលូនទៅមុខ ក្នុងករណីមានការប៉ះពាល់ដើមឈើ សូមយោគយល់ ដើម្បីក្រុមការងារបច្ចេកទេសធ្វើផ្លូវនេះឲ្យបានឆាប់រួចរាល់។ ទន្ទឹមនេះ លោកអភិបាលស្រុក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដើមចេញពីការធ្វើអនាម័យជាប្រចាំលាងដៃជាមួយសាប៊ូអាកុល ជែល ពាក់ម៉ាសនិងនូវគម្លាតគ្នាជាដើម។
ជាមួយគ្នានេះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ ក៏បានសម្តែងនូវការសាទរ និងថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានជួយសម្របសម្រួលបញ្ចប់ទំនាស់នៅលើកំណាត់ផ្លូវនេះនាពេលកន្លងទៅ តាមយុទ្ធសាស្ត្រឈ្នះឈ្នះរបស់សម្តេចតេជោ ព្រមទាំងបានផ្តល់អំណោយដ៏ថ្លៃថ្លា នូវធ្វើផ្លូវមួយខ្សែនេះដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរផងដែរ៕ ដោយ:ខ្លាខ្មៅ