វ៉ាក់សាំងកូវីដ-១៩ ជំហានទី១ ពីមជ្ឈមណ្ឌលកូវ៉ាក់ ដែលជាជំនួយរបស់ WHO បានផ្តល់មកប្រទេសកម្ពុជាហើយ នៅរាត្រីនេះ
ភ្នំពេញ៖ កម្ពុជាបានទទួលវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Astra Zeneca ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន៣២៤,០០០ដូស បានដឹក និងប្រគល់ដល់ប្រទេសកម្ពុជាហើយ កាលពីវេលាម៉ោង៧៖៥០នាទីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានការប្រគល់ពីសំណាក់ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រី Ms. Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ព្រមទាំងមានវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងយូនីសេហ្វផងដែរ។
នេះគឺការជឿទុកចិត្ត និងដោយយោងលើកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លង មជ្ឈមណ្ឌលកូវ៉ាក់ (COVAX facility) ដែលជាយន្តការបែងចែកវ៉ាក់សាំងសកល ក្រោមការដឹកនាំរបស់អង្គការសុខភាពពិភពលោក បានសម្រេចផ្តល់ជូនប្រទេសកម្ពុជានាពេលនេះ។ ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយដែលស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) នេះ។
នេះគឺជាចំនួនវ៉ាក់សាំងជាលើកដំបូង ដែលផ្តល់ជាជំនួយឱ្យប្រទេសកម្ពុជាពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)
ហើយវ៉ាក់សាំងក្នុងបរិមាណដទៃទៀត នឹងបន្តដឹកជញ្ជូនមកកម្ពុជាជាបន្តបន្ទាប់នៅពេលក្រោយទៀតជាដំណាក់ៗនៅក្នុងឆ្នាំ២០២១នេះ។ មជ្ឈមណ្ឌលកូរ៉ាក់ (COVAX Facility) គឺជាកិច្ចខិតខំប្រឹងប្រែងសកលដែលពុំធ្លាប់មានពីមុនមក ដើម្បីជួយសម្របសម្រួលផ្តល់ឱ្យប្រទេសទាំងអស់នៅក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ-១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដឹកនាំដោយអង្គការ GAVI, CEPI, និងអង្គការសុខភាពពិភពលោក (WHO) ក្នុងភាពជាដៃគូជាមួយនឹងអង្គការយូនីសេហ្វ (UNICEF)៕