ដណ្តើមយកលុយបានជាង៧០លានរៀល ដាក់ក្នុងធនាគារ ចុងក្រោយ អត់បានចាយដដែល!

ខេត្តបាត់ដំបង៖នៅវេលាម៉ោង៤និង២៥នាទីល្ងាច ថ្ងៃទី២៧ ខែគុម្ភះ ឆ្នាំ២០២១ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល ខេត្តបាត់ដំបងសហការជាមួយ ស្នងការនគរបាលខេត្តពោធិសាត់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉ៅ សារ៉ូត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅក្នុងស្រុកក្រគរ ខេត្តពោធិសាត់ ពីបទរំលោភលើសេចក្តីទុកចិត្ត។

ជនសង្ស័យ មានមុខរបរជាតៃកុងឡានដឹកស្រូវ ពោត ដំឡូងដាក់តាមបណ្តាខេត្តនានា បានយកលុយចំនួន ៨៣ លានរៀលពីរោងម៉ាសុីនកិនស្រូវយីហោ ហ្គោលដិនស្តារ ស្ថិតក្នុងភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលជនរងគ្រោះឈ្មោះ៖ អុឹម កៅ ភេទ អាយុ៦០ឆ្នាំ រស់នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាថៅកែបានទូរស័ព្ទអោយជនសង្ស័យយកលុយពីការលក់ស្រូវផ្ញើរអោយគាត់។

នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២៤ ខែគុម្ភះ ឆ្នាំ២០២១ ជនសង្ស័យបានទទួលលុយចំនួន៣ថង់ខ្មៅ ពីរោងម៉ាសុីនកិនស្រូវខាងលើធ្វើដំណើរឆ្ពោះទៅខេត្តពោធិ៍សាត់។

ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានសារភាពថា៖ នៅពេលដែលខ្លួនបានកំពុងជិះរថយន្តជាមួយឈ្មោះ (ថា) ជនកំហូចនោះបបួលគ្នាយកលុយចែកគ្នាម្នាក់ពាក់កណ្តាលប៉ុន្តែឈ្មោះថាមិនព្រម ក៍ឈ្លោះគ្នាជាមួយជនសង្ស័យ បន្ទាប់មកជនសង្ស័យលួងលោមឈ្មោះថាឈប់រថយន្ត ជាឱកាសល្អជនសង្ស័យដណ្តើមយកលុយបាន២ថង់ ចំនួន៧៥លានរៀល ដាក់ក្នុងធនាគារ ហត្ថាកសិករ ស្រុកក្រគរ ខេត្តពោធិសាត់ចំណែកលុយនៅសល់ឈ្មោះ(ថា)ជាអ្នកយកដែរ រួចគេចខ្លួនបាត់។

លោកវរសេនីយ៍ឯកឈឿង គឹមសុងប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់ភ្នាក់ងារTNNថាវត្ថុតាងដែលដកហូតបានពីជនសង្ស័យរួមមាន៖ ចិញ្ចៀន១វង់ ខែ្សដៃ១ ខ្សែក១ខ្សែ លុយចំនួន ២០ដុល្លារ លុយខ្មែរ៩មុឺន២ពាន់រៀល និងលុយដែលជនសង្ស័យយកទៅផ្ញើក្នុងធនាគារចំនួន៧៥លានរៀល។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ចំណែកលុយ៧៥លានរៀលនោះប្រគល់ជូនម្ចាស់ដើមវិញ៕

ដោយ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close