“គួរឱ្យសោកស្តាយណាស់! ពិធីរៀបអាពាហ៍ពិពាហ៍ មួយនៅខេត្តកំពង់ចាម គ្រាន់តែកាត់សក់ហើយភ្លាម សមត្ថកិច្ច ឱ្យរុះរើរោងចេញវិញភ្លាម! ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បំភ្លឺហើយ!
ខេត្តកំពង់ចាម៖ ក្រុមការងារព័ត៌មានប្រិត្តិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមធ្វើការបដិសេធន៍ ចំពោះខ្លឹមសារព័ត៌មានដែល គេហទំព័រហ្វេស ប៊ុកឈ្មោះ ” សារព័ត៌មានជាន់ខ្ពស់” បានធ្វើការចុះផ្សាយកាលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងត្រូវបានចែករំលែកផ្សព្វផ្សាយជាបន្តបន្ទាប់នូវ មាតិកាព័ត៌មាន “គួរឱ្យសោកស្តាយណាស់! ពិធីរៀបអាពាហ៍ពិពាហ៍មួយនៅខេត្តកំពង់ចាម គ្រាន់តែកាត់សក់ហើយភ្លាម សមត្ថកិច្ចឱ្យរុះរើរោងចេញវិញភ្លាម ដោយសារតែកាលពីពេលថ្មីៗនេះ មានហេតុការណ៍ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលនៅថ្ងៃនេះ សមត្ថកិច្ច បានធ្វើការរុះរើរោងការមួយកន្លែង ដោយអនុញ្ញាតឱ្យរៀបចំកម្មវិធីត្រឹមតែហែរជំនូន និងកាត់សក់តែប៉ុណ្ណោះដែលករណីចុះរុះរើរោងការនេះ បានកើតឡើងនៅក្នុងមូលដ្ឋានភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម”
បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពងកំពង់ចាម លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ ចុះធ្វើការស្រាវជ្រាវចំពោះករណីខាងលើនេះ ទទួលបានជាលទ្ធផលឃើញថា៖
ដោយយោងតាមការសាកសួរ និងការអៈអាងបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន (ភូមិ-ឃុំ) និងប្រជាពលរដ្ឋនៅចំណុចភូមិ-ឃុំខាងលើ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ គឺពុំមានការរៀបចំពិធីមង្គលការ បុណ្យ ឬ ពិធីជប់លៀងអ្វីនោះឡើយ ។
ស្នងការដ្ឋានគរបាលខេត្តកំពង់ចាម សូមចាត់ទុកថា ម្ចាស់គេហទំព័រហ្វេសប៊ុកខាងលើ មានចេតនាទុច្ចរិតតាក់តែងខ្លឹមសារព័ត៌មាន និងរូបភាពកាត់ត បម្រើប្រយោជន៍បុគ្គល ឬបក្សពួកមួយក្រុម ឬបង្កចលាចលសង្គម នាំឲ្យមហាជនមានការភាន់ច្រឡំមកលើការអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ ឬការអនុវត្តតួនាទី ភារកិច្ចរបស់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវដល់សាធារណជន និងពិសេសបណ្ដាញទំនាក់ទំនងសង្គម សូមកុំមានការយល់ច្រឡំចំពោះព័ត៌មានក្លែងក្លាយ ផ្ទុយពីការពិតនេះ និងសូមចៀសវាងការចែករំលែកបន្ត ដែលអាចបង្កការលំបាកក្នុងការស្រាវជ្រាវរបស់ជំនាញ ដើម្បីនាំខ្លួនជនទុច្ចរិតខាងលើមកអនុវត្តនីតិវិធី និងក៏អាចប្រឈមមុខចំពោះការស្រាវជ្រាវរបស់មន្ត្រីជំនាញផងដែរ។