បាត់ដំបង៖ករណីអគ្គិភ័យបានកើតឡើង១លើកនៅស្រុកភ្នំព្រឹក បណ្តាលអោយឆេះផ្ទះពលរដ្ឋ១ខ្នងខូចខាតអស់ទាំងស្រុង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី២៧ ខែគុម្ភះ ឆ្នាំ២០២១ ចំណុចភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកភ្នំព្រឹកបានអោយដឹងថា៖ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះមានទំហំ៥គុណ៧ម៉ែត្រ សង់អំពីឈើ ដំបូលប្រកសង្កសី ជញ្ជាំងក្តារ ជាកម្មសិទ្ធិរបស់លោកព្រំ ហូវ ភេទប្រុស អាយុ៦៧ឆ្នាំ និងប្រពន្ធឈ្មោះសឿម យ៉េ ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅកន្លែងកើតហេតុ។
ទ្រព្យសម្បត្តិដែលខាតបង់រួមមាន៖មាស ១តម្លឹង ទូរទស្សន៍១គ្រឿង ធុងបោកស្រូវ១ និងសម្ភារៈមួយចំនួនទៀត។
សមត្ថកិច្ចបានបន្តថា៖ករណីអគ្គិភ័យខាងលើកម្លាំងនគរបាលបង្ការ ពន្លត់អគ្គិភ័យ មិនបានចេញរថយន្តទៅជួយសង្គ្រោះទីតាំងកើតហេតុបានឡើយ ដោយសារផ្លូវតូចចង្អៀតពេក។
ចំពោះមូលហេតុដែលបង្កអោយមានអគ្គិភ័យកើតឡើងសមត្ថកិច្ចនគរបាលជំនាញកំពុងស្រាវជ្រាវ៕
ដោយ ៖ សុខ កុសល