អភិបាលខេត្តស្វាយរៀង អោយមន្ត្រីពាក់ព័ន្ធទទាំងអស់ ធ្វើការស្រាវជ្រាវតាមចាប់រកមេខ្យល់ ដែលនាំពលករចេញចូល ធ្វើការនៅក្រៅប្រទេសខុសច្បាប់ យកមកផ្ដន្ទាទោសតាមច្បាប់ឲ្យបានទាន់ពេលវេលា

ស្វាយរៀង​ ៖ នៅថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2021 នៅសាលាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការនៅតាមមន្ទីរអង្គភាពនានា និងរដ្ឋបាលក្រុង-ស្រុកទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវសាររបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាគឺ3ការពារ 3កុំ មានប្រសាសន៍ខាងលើនេះនៅក្នុងពេលដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញជាអធិបតីនៅក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈនិងទិសដៅការងារខែមីនាឆ្នាំ2021 របស់រដ្ឋបាលខេត្តស្វាយរៀង ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមម៉ែនវិបុល បានថ្លែងនូវការកោតសរសើរដល់កងកម្លាំងការពារនៅតាមគោលដៅព្រំដែនទាំងអស់ មន្ត្រីធ្វើចត្តាឡីស័កនិងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរួមគ្នាទប់ស្កាត់ពលរដ្ឋឆ្លងដែនខុសច្បាប់នៅតាមព្រំដែន ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ19 ចូលទៅក្នុងសហគមន៍។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់អំពីការឆ្លងជំងឺកូវីដ19 ក្នុងព្រឹត្តិការណ៍ថ្ងៃ 20 កុម្ភៈ ឆ្នាំ2021 នៅរាជធានីភ្នំពេញដែលតម្រូវឱ្យប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងអស់ ត្រូវការពារប្រុងប្រយ័ត្នខ្ពស់ក្នុងបំណងដើម្បីកុំឱ្យមានការឆ្លងជំងឺកូវីដ19 ក្នុងសហគមន៍ខេត្តស្វាយរៀង ដោយត្រូវរួមគ្នាអនុវត្តន៍ 3 ការពារ និង 3កុំ ព្រមទាំងវិធានការណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្តម ម៉ែនវិបុល អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់អង្គប្រជុំពិសេសគណៈបញ្ជាការឯកភាពក្រុង-ស្រុក ដើម្បីចាត់វិធានការឲ្យបានតឹងរឹងដល់ពលរដ្ឋមកពីក្រៅប្រទេសដើម្បីមកមណ្ឌលធ្វើចត្តាឡីសក័ ឲ្យបានត្រឹមត្រូវរយះពេល 14ថ្ងៃតាមការកំណត់របស់ក្រសួងសុខាភិបាល រួមនិងធ្វើការស្រាវជ្រាវតាមចាប់រកមេខ្យល់ ដែលនាំពលករចេញចូលធ្វើការនៅក្រៅប្រទេសខុសច្បាប់ យកមកផ្ដន្ទាទោសតាមច្បាប់ឲ្យបានទាន់ពេលវេលា៕ ដោយ:ខ្លាខ្មៅ

 

អត្ថបទដែលជាប់ទាក់ទង
Open

Close