ភ្នំពេញ៖ សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី១ ឆ្នាំ២០១៥ដល់ឆ្នាំ២០១៩ និងបន្តអាណត្តិថ្មីទី២ ឆ្នាំ២០១៩ដល់ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយបានបង្ហាញសមិទ្ធផលអាណត្តិចាស់ និង ប្រកាសសមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីចំនួន៩រូប ដោយឯកឧត្តម ថាង ហ្គោដុន ទទួលបានការគាំទ្រ១០០%ពីសមាជិក ក្នុងការដឹកនាំជាប្រធានសហព័ន្ធអាណត្តិថ្មីនេះបន្តទៀត។
អង្គមហាសន្និបាតសហព័ន្ធកីឡាទូកក្តោងកម្ពុជាបានអនុម័តផ្តល់សេចក្តីទុកចិត្តដល់សមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីចំនួន៩រូប រួមមាន៖ ឯកឧត្តម ថាង ហ្គោដុន ជាប្រធាន, ឯកឧត្តម ថោង រដ្ឋសក្តិ អនុប្រធានទី១, ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានទី២, លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ និងកញ្ញា ងួន តរុណី ជាអគ្គហិរញ្ញឹក ខណៈ៤រូបទៀតជាសមាជិក។
អនុប្រធានទី២ ឯកឧត្តម វ៉ាត់ ចំរើន លើកឡើងថា ការរៀបចំមហាសន្និបាតនេះ ថ្វីដ្បិតតែឯកឧត្តមប្រធាន ថាង ហ្គោដុន ដែលបច្ចុប្បន្នស្ថិតនៅប្រទេសសឹង្ហបុរី មិនបានអញ្ជើញចូលរួមដោយផ្ទាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែសហព័ន្ធមានឯកឧត្តម ថោង រដ្ឋសក្តិ អនុប្រធានទី១ តែងតែកាន់ជាប់ជាមួយនឹងសកម្មភាពទាំងអស់ ទាំងរដ្ឋបាល បច្ចេកទេស និងទាំងការបំផុសអភិវឌ្ឍន៍វិស័យកីឡាទូកក្តោងកម្ពុជារួមទាំងសមាជិកប្រតិបត្តិទាំងអស់ រួមទាំងការអនុញ្ញាតពីឯកឧត្តមប្រធានដូចគ្នាដែរ ដូច្នេះយើងមានលទ្ធភាពក្នុងការរៀបចំលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមនីតិវិធីលក្ខន្តិកច្បាស់លាស់។ នៅក្នុងពេលនេះ គឺជាថ្ងៃថ្មីមួយ ដែលសហព័ន្ធកីឡាទូកក្តោងកម្ពុជាកំពុងខិតខំ ពង្រឹងប្រភេទកីឡាអូឡាំពិកដ៏មានសក្តានុពលរបស់អន្តរជាតិមួយនេះឲ្យមានដំណើរការល្អ ទាក់ទាញឲ្យមានប្រជា ប្រិយភាពសម្រាប់កម្ពុជាជាបន្តបន្ទាប់ផងដែរ។ កន្លងមក សហព័ន្ធបានធ្វើសកម្មភាពច្រើន ដូចជាចូលរួមប្រកួតអន្តរជាតិ បញ្ជូនក្រុមជម្រើសជាតិទៅហ្វឹកហាត់នៅក្រៅប្រទេសជាច្រើនដងដែរ។
ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមទៀតថា ប្រភេទកីឡាទូកក្តោងក៏មាននៅក្នុងបញ្ជីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាម២០២៣ (CAMSOC) ផងដែរ ដូច្នេះសហព័ន្ធកំពុងជំរុញដល់ការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិឲ្យកាន់តែល្អប្រសើរ ដើម្បីស្វែងរកនូវឧត្តមភាពនៅក្នុងពេលទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។
លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានបង្ហាញសកម្មភាពការងារ និងសមិទ្ធផល ដែលសម្រេចបាននូវអាណត្តិចាស់កន្លងមកថា បន្ទាប់ពីត្រូវបានបង្កើតឡើងដំបូង កាលពីឆ្នាំ២០១៥មក សហព័ន្ធត្រូវបានទទួលស្គាល់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, ក្រសួងអប់រំ យុវជន និងកីឡា ហើយនៅឆ្នាំ២០១៧ សហព័ន្ធនេះត្រូវបានទទួលស្គាល់ពីសហព័ន្ធកីឡាទូកក្តោងអាស៊ី និងសហព័ន្ធកីឡាទូកក្តោងអន្តរជាតិ។ ជាមួយនឹងការខិតខំអភិវឌ្ឍលើការហ្វឹកហាត់ ការបណ្តុះបណ្តាល ក្នុងប្រទេស និងក្រៅប្រទេសជាបន្តបន្ទាប់បានធ្វើឲ្យសហព័ន្ធបង្កើនបាននូវចំនួនកីឡាករ កីឡាការិនី ក៏ដូចជាគុណភាពបច្ចេកទេសអាចប្រកួតប្រជែងបាននៅលើឆាកអន្តរជាតិផងដែរ។ សហព័ន្ធបានបញ្ជូនកីឡាករចេញទៅចូលរួមប្រកួតអន្តរជាតិដំបូង នៅឆ្នាំ២០១៧ រហូតដល់បញ្ចប់ អាណត្តិទី១ ឆ្នាំ២០១៩ ដោយមានចំនួន២១លើក ដោយដណ្តមបានមេដាយសរុបំចំនួន១១គ្រឿង ក្នុងនោះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធចំនួន៩គ្រឿង។ ជាមួយគ្នានោះ សហព័ន្ធក៏បានបង្ហាញនូវបញ្ហាប្រឈមមួយចំនួនទៀត ដូចជាសមាគម-ក្លិបមានចំនួនតិច និងកីឡាកររបស់ក្លិបនៅមានកម្រិត នៅខ្វះខាតមន្ត្រីបច្ចេកទេស គ្រូបង្វឹក មិនទាន់សម ស្របទៅនឹងតម្រូវការនៃការរៀបចំការប្រកួតអន្តរជាតិ។
ដើម្បីបន្តការអភិវឌ្ឍត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ សហព័ន្ធក៏សំណូមពរដល់ក្រសួងអប់រំ យុវជន និងកីឡា, NOCC និង CAMSOC ជួយបន្តគំាទ្រ និងសហការរៀបចំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោង ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការហ្វឹកហាត់ និងការប្រកួតនានាផងដែរ៕