ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល នឹងធ្វើសន្និសីទសារព័ត៌មានដើម្បី «បំភ្លឺលើពីមន្ទីរពិសោធន៍ លើបញ្ហាវីរុសកូវីដ-១៩» នៅទីស្ដីការក្រសួងសុខាភិបាល។
លោកជំទាវ ឱ វណ្ណឌីន បានឲ្យដឹងថា សន្និសីទសារព័ត៌មាននេះ ក៏មានការចូលរួមពី លោកស្រី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារែល នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផងដែរ។
ជាមួយគ្នានេះ លោកជំទាវ ឱ វណ្ណឌីន ក៏បានធ្វើការច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានផ្សព្វផ្សាយថា វីរុសកូវីដ-១៩ មានក្នុងសត្វប្រចៀវនៅកម្ពុជា តាំងពីឆ្នាំ២០១០។
លោកស្រីបានអះអាងថា វីរុសនៅក្នុងសត្វប្រចៀវនោះ មិនមែនកូវីដ-១៩ឡើយ គឺគ្រាន់តែស្រដៀងគ្នាតែប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងយ៉ាងដូច្នេះថា «មិនត្រឹមត្រូវ និងយល់ច្រឡំធំហើយ។ ក្រសួងនឹងធ្វើសន្និសីទសារព័ត៌មាន បំភ្លឺលើបញ្ហានេះ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹក នៅក្រសួងសុខាភិបាល»។