អគ្គិភ័យឆាបឆេះ ស្ថានីយ៍ប្រេង ដេប៉ូតេលា ព្រឹកម៉ិញ! ស្នងការថ្មី ដឹកនាំកម្លាំងចុះអន្តរាគមន៍ផ្ទាល់!

ត្បូងឃ្មុ៖ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានករណី អគ្គិភ័យឆាបឆេះទាំងស្រុងស្ថានីយ៍ប្រេងមួយកន្លែងយីហ៊ោ ដេប៉ូតេលាក្រុងសួង នាវេលាម៉ោងប្រមាណ ៧:៣៥នាទីព្រឹក ក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
បើតាមអធិការដ្ឋាននគរបាលក្រុងសួង បានឲ្យដឹងថា ការ៉ាស់សាំងដែលអគ្គិភ័យឆាបឆេះខាងលើនេះមានម្ចាស់ឈ្មោះ តែ តុងហ៊ុយ និងប្រពន្ធឈ្មោះ អ៊ា ស្រី។ ចំពោះមូលហេតុនៃការឆាបឆេះនេះឡើងបណ្តាលមកពីឆ្លងចរន្តអគ្គិសនីទូម៉ូទ័រក្បាលបាញ់សាំង បង្កជាផ្កាភ្លើងឆាបឆេះឡើងតែម្តង។

ក្រោយទទួលដំណឹងភ្លាម លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំកម្លាំងដោយផ្ទាល់ សហការជាមួយអភិបាលក្រុងសួង លោក ជា ណារ៉ុន ចុះអន្តរាគមន៍ប្រើរយៈពេល២ម៉ោង បាញ់ពន្លត់ជាស្ថាពរ នៅវេលាម៉ោងប្រហែល ៩ និង៣០នាទី ព្រឹកថ្ងៃដដែល។

ចំពោះប្រតិបត្តិការនោះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ០២គ្រឿង រួមទាំងអធិការដ្ឋានក្រុង-ស្រុក ចំនួន ០៥គ្រឿង និងរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមចំនួន០២គ្រឿង សរុប០៩គ្រឿង ប្រើប្រាស់ឡានទឹកអស់ចំនួន២៥ឡាន ទើបរលត់ទាំងស្រុង។

ក្នុងឳកាសនោះ លោក ហាក់ សុខមករា អភិបាលរងខេត្ត ក៍បានចុះពិនិត្យដោយផ្ទាល់ ព្រមទាំងឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន៣០០ដុល្លា ដល់កងកម្លាំងដែលបានសហការពន្លត់បានទាន់ពេលវេលា មិនបណ្តាលឲ្យអ្នកណារងរបួស រឺឆេះរាល់ដាលតនោះទៀតនោះឡើយ។

បើតាមសមត្ថកិច្ច ឲ្យដឹងថា ទំហំនៃការខូចខាតនៃអគ្គិភ័យនោះ បណ្តាលឲ្យឆាបឆេះការ៉ាស់ទាំងស្រុង ឆេះកុងទ័របូមប្រេងចំនួន២ រថយន្ត២គ្រឿង ម៉ាកLexus ៣៣០ ១គ្រឿង ២តោនកន្លះ១គ្រឿង ប្រេងម៉ាសុីន២០កេះ ម៉ូតូ៣គ្រឿង រុឺម៉កមូតូ១គ្រឿង រួមទាំងថវិកា និងសម្ភារៈមួយចំនួនទៀត តែមិនមាននរណាម្នាក់រងរបួសនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close