អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយជាសម្ភារៈបរិក្ខាពេទ្យ ដែលជាអំណោយរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)
ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោកអភិបាលក្រុង លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត និង មន្ត្រីពាក់ព័ន្ធ អញ្ជើញទទួលអំណោយជាសម្ភារៈបរិក្ខាពេទ្យ ដែលជាអំណោយរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចំនួន៤០ កេស ដើម្បីឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់បម្រើឱ្យវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តសីហនុ បានថ្លែងអំណរគុណចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលក្នុងរយៈពេលកន្លងទៅតែងតែបានយកចិត្តទុកដាក់ព្យាបាលជំងឺប្រជាពលរដ្ឋរបស់យើងក្នុងក្របខ័ណ្ឌទូទាំងប្រទេសហើយក្នុងថ្ងៃនេះខេត្តព្រះសីហនុក៏មានកិត្តិយសបានទទួលសម្ភារ:បរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យបង្អែកខេត្ត ។ហើយឯកឧត្តមសង្ឃឹមថាគ្រូពេទ្យនិងបើកប្រអប់មើលដើម្បីពិនិត្យសម្ភារៈនិងឧបករណ៍ទាំងនេះនិងបម្រើឱ្យវិស័យសុខាភិបាលក្នុងខេត្តរបស់យើងនៅផ្នែកណាខ្លះ។ សម្ភារៈឧបករណ៍ទាំងនេះគឺសម្រាប់ជួយដល់អ្នកជំងឺរបស់យើងហើយសង្ឃឹមថាសម្ភារ:ដែលទទួលបាននៅថ្ងៃនេះនិងបានជួយសំរាលទៅដល់ការលំបាករបស់គ្រូពេទ្យការទទួលខុសត្រូវហើយនិងបានទិន្នផលដោយផ្ទាល់ទៅដល់អ្នកជំងឺដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តរបស់យើង។ជាការពិតណាស់សកម្មភាពនិងការខិតខំប្រឹងប្រែងដែលបានមកពីការជួយគាំទ្រអំពីសប្បុរសជនក្នុងស្រុក និងក្រៅស្រុក។
ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ អង្គការសមាគម(TYDA) ក៏ដូចជាសប្បុរសជនទាំងអស់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត(TYDA) ទាំងអស់ ដែលបានប្រឹងប្រែងកន្លងមកនេះ សូមឱ្យមានសុខភាពល្អ ជោគជ័យក្នុងបេសកកម្មក្នុងវិស័យសុខាភិបាល ជូនដល់ប្រជាពលរដ្ឋរបស់យើង ជាពិសេសយើងរួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត។
សម្ភារៈបរិក្ខារពេទ្យរួមមាន ៖
១.សឺរុាំង ខ្សែនិងតំណសេរ៉ូមច្រើនប្រភេទ បង់រំរបួស កំរាលតុនិងគ្រែ កំរាលអ្នកជំងឺ សម្លៀកបំពាក់អ្នកជំងឺ ថង់ដាក់សំភារៈ សុងនោម ទឹកសំលាប់មេរោគ ស្រោមដៃ សម្ភារៈមន្ទីរពិសោធន៍។
២.សម្ភារៈទាក់ទងការរំ និងថែទាំរបួស។
៣.សម្ភារៈជំនួយការពិនិត្យព្យាបាលជំងឺរោគស្ត្រី។
៤.សម្ភារៈជំនួយការវះកាត់។
បន្ទាប់ពីទទួលសម្ភារៈបរិក្ខារពេទ្យរួចមកឯកឧត្តមអភិបាលខេត្ត បានបន្តចុះពិនិត្យអាគារដែលត្រៀមសម្រាប់ចាក់វាក់សាំងកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ៕