លោកជំទាវ កុយ សុដានី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពី ការតែងតាំងបន្ថែមសមាសភាពក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនង់អង្គការសង្គមស៊ីវិល

ខេត្តកណ្តាល ៖ ថ្ងៃសៅរ៍ ៩កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ កុយ សុដានី ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនង់អង្គការសង្គមស៊ីវិល បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វ ផ្សាយសេចក្ដីសម្រេចស្ដីពីការតែងតាំងបន្ថែមសមាសភាពក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនង់អង្គការសង្គមស៊ីវិល ដោយមានការចូលរួមពីក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងអង្គការសង្គមស៊ីវិល ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងគណៈកម្មាធិការគណបក្សស្រុកកោះធំ ស្រុក សរុបទាំងអស់ចំនួន៣២រូប។

ថ្លែងទៅកាន់អង្គប្រជុំទាំងមូល លោកជំទាវប្រធាន បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាសភាពសមាជិកសមាជិកាក្រុមការងារថ្មីចំនួន១១រូបដែលទទួលបានការទុកចិត្តពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ ដើម្បីចូលរួមជាមួយក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងអង្គការសង្គមស៊ីវិល។

ជាមួយគ្នានោះផងដែរ លោកជំទាវប្រធានអង្គប្រជុំ បានគូសបញ្ជាក់អំពីសារសំខាន់នៃការងារប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងក្នុងកិច្ចការនយោបាយគ្រប់ជាន់ថ្នាក់ និងបានជំរុញឱ្យសមាជិកសមាជិកាទាំងអស់ខិតខំប្រឹងប្រែងតាមដានស្ថានភាពនយោបាយរបស់សង្គមជាតិ និងក្នុងមូលដ្ឋានដើម្បីបំផុសស្មារតីចូលរួមរបស់ប្រជាជននៅមូលដ្ឋានឲ្យចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ចូលរួមទប់ស្កាត់ឱ្យបាននូវព័ត៌មានបំបែកបំបាក់ពីសំណាក់ក្រុមមាននិន្នាការប្រឆាំង និងធ្វើការការពារដោយផ្សព្វផ្សាយនូវព័ត៌មានពិត ជាពិសេសត្រូវជួយផ្សព្វផ្សាយសមិទ្ធផលសម្រេចបានសំខាន់ៗរបស់រាជរដ្ឋាភិបាលផងដែរ។

ជាងនេះទៅទៀត លោកជំទាវប្រធានក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងអង្គការសង្គមស៊ីវិលនាពេលកន្លងមកទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មានសកម្មភាពសំខាន់ៗរបស់ថ្នាក់ដឹកនាំក្រុមការងារថ្នាក់ជាតិ ក៏ដូចជាក្រុមការងារមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាបតាមបណ្ដាញសង្គម។

លោកជំទាវប្រធានអង្គប្រជុំ បានផ្ដល់អនុសាសន៍ឱ្យក្រុមការងារធ្វើផែនការសកម្មភាពដល់ឆ្នាំ២០២៣ លើការងារផ្សព្វផ្សាយ និងការងារទំនាក់ទំនងសង្គមស៊ីវិល ដោយក្នុងនោះរួមមាន រៀបចំសមាសភាពតាមក្រុមការងារនីមួយៗ បង្កើនការផ្សព្វផ្សាយដើម្បីបង្កើនចំនួនអ្នកLike និង shares ក្នុង Facebook Page ភ្ជាប់ទំនាក់ទំនងជាមួយបណ្តាញសង្គមគ្រប់ថ្នាក់ដែលពាក់ព័ន្ធ តាមដានសកម្មភាពអង្គការសង្គមស៊ីវិល (ប្រវត្តិនិងប្រភពផ្គត់ផ្គង់ហិរញ្ញវត្ថុ) ផ្សព្វផ្សាយព័ត៌មានពិត ដើម្បីវាយបកក្រុមវាយប្រហារ ត្រៀមលក្ខណៈប្រមូល និងចងក្រងព័ត៌មានទាំងឡាយសម្រាប់ផ្សព្វផ្សាយ​ និងគាំទ្រគណបក្ស។

ជាទីបញ្ចប់ លោកជំទាវប្រធានអង្គប្រជុំបានសម្ដែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា សមាសភាពសមាជិកសមាជិកាក្រុមការងារថ្មីទាំង១១រូបនេះ នឹងចូលរួមជាមួយសមាជិកទាំង១៧រូបផ្សេងទៀត រួមគ្នាបំពេញការងារប្រកបដោយការទទួលខុសត្រូវ សាមគ្គីភាព សហការល្អក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close