ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារចុងកាល់ និងផ្ទះលក់ទំនិញនានា ក្នុងភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានការធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ប្រមាណ ៧៣.៨០គីឡូក្រាម រួមមាន៖
– ស្រាបៀរចម្រុះ ចំនួន ៦០កំប៉ុង ស្មើនឹង ១៩.៨លីត្រ
– ទឹកក្រូចចម្រុះ ចំនួន ១៤ដប ស្មើនឹង ៦.២៨លីត្រ
– គោជល់ ចំនួន ២០ដប ស្មើនឹង ៦.៦លីត្រ
– កាហ្វេNestle ចំនួន ២កែវ ស្មើនឹង ០.២០គីឡូក្រាម
– ទឹកអំពិលទុំ ចំនួន ១២កំប៉ុង ស្មើនឹង ២.៨៨លីត្រ
– ត្រីខកំប៉ុង ចំនួន ១៤កំប៉ុង ស្មើនឹង ៤.៤៨គីឡូក្រាម
– ពោតកំប៉ុង ចំនួន ២៨កំប៉ុង ស្មើនឹង ១៥.១២គីឡូក្រាម
– ម្សៅស៊ុបខ្នុរ ចំនួន ៥៧កញ្ចប់ ស្មើនឹង ៩.១៨គីឡូក្រាម
– តៅហ៊ូកែវ ចំនួន ១១កែវ ស្មើនឹង ៥.៥គីឡូក្រាម
– ទឹកសៀង ចំនួន ៤ដប ស្មើនឹង ៣.៧៦លីត្រ។
បន្ទាប់មក មន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកមករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕