ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌដូនពេញ ប្ដេជ្ញារៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យល្អប្រសើរ ដើម្បីទទួលបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី មកកម្សាន្តសប្បាយក្នុងឆ្នាំថ្មី ជាពិសេស “សង្រ្កាន្តវត្តភ្នំ”

5 ខែ មុន 92 តូ សុផល

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលកងកម្លាំងទាំងពីរប្រភេទនាថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានធ្វើការណែនាំបន្ថែម និងដាក់ផែនការអនុវត្តការងារចាំបាច់ចំពោះមុខ ព្រមទាំងទទួលបានលទ្ធផល ដូចខាងក្រោមៈ

-កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានចុះត្រួតពិនិត្យរដ្ឋបាលនៅតាមទីតាំងសំខាន់ៗ ជុំវិញរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ រហូតចប់កម្មវិធី ដោយចុះធ្វើរដ្ឋបាល ០២ដង ក្នងមួយថ្ងៃ គឺនៅម៉ោង ១៦,៣០នាទីម្ដង និង ម៉ោង ២០,០០នាទីម្ដងទៀត ។
-បានដាក់ផែនការដល់រដ្ឋបាលសង្កាត់-ប៉ុស្ដិ៍រដ្ឋបាលទាំង១១ យកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ និងបញ្ហាអគ្គីភ័យ ដោយសារក្នុងឱកាសថ្ងៃចូលឆ្នាំនេះ មានបងប្អូនប្រជាពលរដ្ឋយើងក្នុង​មូលដ្ឋានភាគច្រើន បានចាក់សោរផ្ទះ ដើម្បីធ្វើដំណើរទៅស្រុកកំណើតអស់ ។ ដូច្នេះ សូមឲ្យសង្កាត់នីមួយៗ ធ្វើការពិនិត្យ និងរាយការណ៍អំពីសន្តិសុខ និងសណ្តាប់ធ្នាប់ ជាពិសេសបញ្ហាសំរាមក្នុងភូមិសាស្រ្ដរបស់ខ្លួន ដើម្បីរដ្ឋបាលខណ្ឌ សហការជាមួយក្រុមហ៊ុនស៊ីនទ្រីបោសសំអាត កើប និងដឹកចេញ បានទាន់ពេលវេលា ។
-បានធ្វើការបែងចែកកម្លាំងប្រជាការពារខណ្ឌតាមគោលដៅដើម្បីទទួលខុសត្រូវលើការងារសំអាតអនាម័យបរិស្ថានបន្ថែម នៅតាមមហាវិថីសំខាន់ៗ រួមមាន៖
* កម្លាំងប្រជាការពារគោលដៅ ពល៥ មានម៉ូតូកង់បី ០១គ្រឿង ទទួលខុសត្រូវពិនិត្យ បោស កើប សំអាត និងបាញ់លាងតីរិវិថីព្រះស៊ីសុវត្ថិ ចាប់ពីរង្វង់មូលសម្ដេចព្រះសង្ឃរាជជួនណាត រហូតដល់ គល់ស្ពានជ្រោយចង្វារ។
* កម្លាំងប្រជាការពារគោលដៅ ពល៨ មានម៉ូតូកង់បី ០១គ្រឿង ទទួលខុសត្រូវពិនិត្យ សំអាត បាញ់លាងមហាវិថីព្រះនរោត្តម ចាប់ពីរង្វង់មូលវិមានឯករាជ្យ រហូតដល់រង្វង់មូលរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ។
* កម្លាំងប្រជាការពារគោលដៅ ពល៣ ទទួលខុសត្រូវពិនិត្យ សំអាត បាញ់លាងមហាវិថីព្រះមុន្នីវង្ស ចាប់ពីស្តុបពេទ្យចិន រហូតដល់់រង្វង់មូលស្ពានជ្រោយចង្វារ និង
* កម្លាំងប្រជាការពារគោលដៅ ពល១ ទទួលខុសត្រូវពិនិត្យ សំអាត បាញ់លាងផ្លូវលេខ៤៧ ចាប់ពីរង្វង់មូលរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ ដល់គល់ស្ពានជ្រោយចង្វារផងដែរ ។

គូសបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្ដិការណ៍ “សង្រ្កាន្ដវត្តភ្នំ” រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតឲ្យមានការលេង​ល្បែងប្រជាប្រិយ៍ខ្មែរ ដូចជា៖ ចោលឈូង បោះអង្គុញ ទាញព្រ័ត្រ លាក់កន្សែង វាយក្អម រាំលេងកម្សាន្ដ ពិធីស្រង់ទឹកព្រះ ពិធីឡើងអ្នកតា ការតាំងលក់ផលិតផល និងល្បែងប្រជាប្រិយ៍ជាច្រើនទៀត ដែលនឹងទទួលបងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឍដ្ឋានជារៀងរាល់ឆ្នាំប្រមាណរាប់ម៉ឺននាក់ ដូច្នេះ រដ្ឋបាលខណ្ឌដូនពេញ បានយកចិត្តទុកដាក់ និងបានដាក់ចេញនូវផែនការការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់​ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ យ៉ាងខ្លាំងជាទីបំផុត ជាពិសេសបង្កលក្ខណៈងាយស្រួល និងសប្បាយភាពជូនបងប្អូនប្រជាពលរដ្ឋយើង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ