ព្រឹតិ្តការណ៍ថ្មីៗ

ផឹកទឹកនឹកដល់ប្រភព ជ្រកម្លប់នឹកដល់អ្នកដាំ!

5 ខែ មុន 107 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ ក្នុងបរិវេណវិទ្យាល័យបាក់ទូក មានការប្រារព្ធពិធី អបអរសាទរ បុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ និង សម្ពោធសមិទ្ធផលនានា ដែលផ្តួចផ្តើមរៀបចំ ឡើង ដោយការរួប រួមសាមគ្គី របស់អតីតមិត្តរួមជំនាន់ នៃវិទ្យាល័យបាក់ទូក នាទសវត្សទី៨០។ ក្នុងកម្មវិធីនេះ ផងដែរ ក៏មាន ការចូលរួមពី ព្រឹទ្ធាចារ្យដែលជាអតីតលោកគ្រូ អ្នកគ្រូ នៃសាលាបាក់ទូក, ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាអតីតសិស្សសាលាបាក់ទូកនាទសវត្សទី៨០, លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា ដែលកំពុងបម្រើការងារនៅក្នុងវិទ្យាល័យបាក់ទូកបច្ចុប្បន្ន, ប្អូនៗក្រុមសិស្សកាយរិទ្ធ និង ភ្ញៀវកិត្តិយសជាច្រើនទៀត សរុបជិត មួយពាន់នាក់ ចូលរួមយ៉ាងអធឹកអធម។

លោក តូច កន្តាល់ នាយក វិទ្យាល័យបាក់ទូក បានគូសបញ្ជាក់ឲ្យដឹងថា សមិទ្ធិផលដែលសម្ពោធដាក់ឲ្យ ប្រើប្រាស់ក្នុងថ្ងៃនេះរួមមាន បង្គន់អនាម័យទំនើប សម្រាប់បុរស០៥ ,បង្គន់អនាម័យសម្រាប់នារី០៤ និងតារាងបាល់បោះ មួយកន្លែងទំហំ ២៨m x ១៥m សង់ថ្មីទាំងស្រុង ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យមិត្តរួមជំនាន់នាទសវត្សទី៨០ បានលើកឡើង អំពីប្រវត្តិដែលនាំឲ្យ មានកម្មវិធីសម្ពោធក្នុងថ្ងៃនេះដោយសង្ខេបថា ចាប់តាំងពីលោក បានផ្លាស់ពីមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ មកធ្វើជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣ លោកបានស្វែងរក ការទំនាក់ ទំនងមិត្តភក្តិរួមជំនាន់ ក៏ដូចជា អតីតលោកគ្រូអ្នកគ្រូចាស់ៗ និងបានផ្តួចផ្តើមគំនិត ចងក្រងជាក្រុម ក្នុងប្រព័ន្ធ WhatsApp តាមរយៈមិត្តភក្តិស្គាល់តៗគ្នា រហូតអាចរកឃើញគ្នា មកពីគ្រប់ទិសទីជុំវិញពិភពលោក បានដល់ទៅជិត300នាក់។ ចាប់ពីពេលនោះហើយ ដែលពួកលោក បានជួបគ្នា រំលឹកនូវ អនុស្សាវរីយ៍ចាស់ៗ ដឹងពីសុខទុក្ខគ្នាទៅវិញទៅមក រឹតចំណងមិត្តភាពកាន់តែ ស្និតស្នាល និងបាន រួបរួមសាមគ្គីជួយគ្នា ពេលដែលមាន មិត្តណាជួបការលំបាក មានជម្ងឺ ឬជួបអាសន្ន។ ក្រៅពីនេះ ក្រុមអតីតមិត្ត រួមជំនាន់របស់លោក បានរួមគ្នាបំពេញកត​ញ្ញុតា ចំពោះអតីតលោកគ្រូ អ្នកគ្រូ ដោយការយកចិត្តទុកដាក់សួរសុខទុក្ខ និង ឧត្ថម្ភ សម្ភារៈ ថវិកា ជូនដល់ពួកគាត់ជាបន្តបន្ទាប់ ហើយក៏បាន ផ្តួចផ្តើមគំនិត ចូលរួមគ្នាបរិច្ចាគធនធាន ផ្ទាល់ខ្លួន មកកសាង សមិទ្ធផល ដែលដាក់សម្ពោធឲ្យប្រើប្រាស់ ក្នុងថ្ងៃនេះ សម្រាប់ជាប្រយោជន៍ដល់លោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្សជំនាន់ក្រោយៗ។ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មានប្រសាសន៍បន្ថែមថា លោកគ្រូអ្នកគ្រូ គឺជាមាតាបិតាទី២ ជាអ្នកមានគុណដ៏ខ្ពង់ខ្ពស់ ដែលបាន អប់រំទូន្មាន ផ្តល់ចំណេះវិជ្ជា ដល់ពួកលោក រីឯ វិទ្យាល័យបាក់ទូកនេះ គឺជាកន្លែងដែលធ្វើឲ្យ ពួកលោក មានឱកាសបានរាប់អាន កល្យាណមិត្តទាំងអស់គ្នា ដូច្នេះក្រុមលោកពិតជាមានមោទនភាពខ្លាំងណាស់ ដែលមាន ឱកាសមករួមគ្នាបំពេញ កត​ញ្ញុតាចំពោះលោកគ្រូអ្នកគ្រូ និងបានកសាងសមិទ្ធផលជាកេរមរតក ដល់សាលាមួយនេះ ដូចពាក្យចាស់ លោកពោលថា “ផឹកទឹកនឹកដល់ប្រភព ជ្រកម្លប់នឹកដល់អ្នកដាំ” ។ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានរំលឹកបន្ថែមថា ឋិតក្នុងវ័យមិត្តរួមជំនាន់លោក ក៏ដូចជាលោកគ្រូ អ្នកគ្រូចាស់ៗ គឺសុទ្ធតែបានឆ្លងកាត់ របបប្រល័យពូជសាសន៍ប៉ុលពត ពេលនោះគឺវេទនាខ្លាំងណាស់ ម្នាក់ៗមិនមានសេរីភាព សូម្បីតែលើកដៃ បន់ព្រះសំពះទេវតា ប្រាថ្នាសុំត្រឹមតែ ហូបឆ្អែតមួយពេលក៏មិនបានផង។ នឹកដល់សម័យដ៏ខ្មៅងងឹតនោះ ម្នាក់ៗសឹងតែមិនជឿថា អាចរស់រៀន មានជីវិតបានឃើញពីការរីកចម្រើន របស់ ប្រជាជាតិខ្មែរនិងបានរស់នៅ សុខដុមរមនាជួបជុំគ្រួសារ ជួបជុំមិត្តភក្តិ ដូចសព្វថ្ងៃនេះឡើយ។ តែដោយគុណបំណាច់ថ្ងៃ៧ មករា ១៩៧៩ ដែលនាំដឹកនាំដោយឥស្សរជនសំខាន់ៗ ជាពិសេសគឺសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចផ្សេងទៀត បានធ្វើឲ្យកម្ពុជា រំដោះផុតពីរបបខ្មៅងងឹត ទទួលបាន សន្តិភាពពេញលេញ ជាមួយការរីកចម្រើន ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលយើងបានឃើញជាក់ស្តែងស្រាប់។ ដូច្នេះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ គឺជាថ្ងៃសម្រេចជោគវាសនា ប្រទេសជាតិយើង សូមកុំភ្លេចទៅចូលរួមបោះឆ្នោតទាំងអស់គ្នា តាមឆន្ទៈរបស់ខ្លួនឯងរៀងៗខ្លួន តែក្នុងនាមយើងជាអ្នក កាន់ព្រះពុទ្ធ សាសនា ត្រូវដឹងគុណ អ្នកដែលបាននាំ សន្តិភាព, ការអភិវឌ្ឍន៍ជាក់ស្តែង និងបានផ្តល់កំណើតទី២ ដល់យើង ឲ្យស្របទៅនឹងពាក្យចាស់ដែលលើកឡើងថា “ផឹកទឹកត្រូវនឹកដល់ប្រភព ជ្រកម្លប់ត្រូវនឹកដល់អ្នកដាំ” ។

បន្ទាប់ពីកាត់ខ្សែបូសម្ពោធសមិទ្ធផលរួច គណៈអធិបតី​ និងភ្ញៀវកិត្តិយសបានចូលរួមពិសារអាហារ សាមគ្គីជាមួយគ្នា និងមានការរាំរែកកម្សាន្ត តាមបែបប្រពៃណីជាតិខ្មែរ យ៉ាងសប្បាយ រីករាយក្រៃលែង។ ក្រោយពេលបញ្ចប់កម្មវិធី លោកគ្រូអ្នកគ្រូ ក្នុងម្នាក់ៗទទួលបានទឹកក្រូច១កេស រួមជាមួយ ថ្នាំពេទ្យម្នាក់ពីរប្រអប់ ផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ