ព្រឹតិ្តការណ៍ថ្មីៗ

ពិធីប្រកាសចូលកាន់មុខតំណែង លោក បុឹល កុសល ជា អភិបាលរងនៃគណៈអភិបាលខេត្តកំពត

1 ខែ មុន 407 តូ សុផល

ខេត្តកំពត៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពងខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងអភិបាលរងខេត្តកំពត នៅសាលប្រជុំសាលាខេត្តកំពត ដោយតែងតាំងលោក ប៉ឹល កុសល ជាអភិបាលរងខេត្តជំនួសលោក លី សាវេត ដែលត្រូវបានផ្ទេភារកិច្ចទៅបម្រើការងារជាអភិបាលរងខេត្តតាកែវ។

ក្រោយពីបានស្តាប់របាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងការប្តេជ្ញាចិត្តរបស់លោកអភិបាលរងខេត្តកំពតថ្មីរួចមក ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរដល់ឯកឧត្តម ជាវ តាយ ដែលឯកឧត្តមទើបមកកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលខេត្តកំពតក្នុងរយៈពេលខ្លី តែបានរៀបចំខេត្តឲ្យមានរបៀបរៀបរយល្អ មានសោភ័ណ្ឌភាពសក្តិសមជាខេត្តទេសចរណ៍ ដែលទើបទទួលបានផ្ការំដួលបីទងនាពេលថ្មីៗនេះ និងបានកសាង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តគួជាទីមោទនៈ។

ឯកឧត្តម រដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំខេត្តត្រូវខិតខំបន្តថែរក្សាការពារ ពង្រឹងសុខសន្តិភាព អធិបតេយ្យភាព ស្ថេរភាពនយោបាយឱ្យបានល្អ ហើយខិតខំបន្តកសាងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឱ្យកាន់តែរីកចំរើនបន្ថែមទៀត។ ឯកឧត្តមក៏បានជម្រុញដល់គណៈអភិបាលខេត្ត ត្រូវពង្រឹងដល់មន្ត្រីរាជការនៅក្នុងខេត្តនូវការទទួលខុសត្រូវ ការគោរពវិន័យ ក្រមសីលធម៌វិជ្ជាជីវៈឱ្យសក្តិសមជាមន្ត្រីដែលជាអ្នកបម្រើរាស្ត្រពិតប្រាកដ។

បន្ថែមពីនោះដែរឯកឧត្តមក៏បាន ណែនាំដល់គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវយកចិត្តទុកដាក់ខិតខំចូលរួមថែរក្សា សុខសុវត្ថិភាព ការពារសណ្តាប់ធ្នាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងប្រព្រឹត្តទៅនាខែកក្កដាខាងមុខនេះ ឱ្យដំណើរការប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាព។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ