ព្រឹតិ្តការណ៍ថ្មីៗ

ធាក់ផ្តួលយកម៉ូតូសង់១គ្រឿង ពីស្ត្រីវ័យចំណាស់ម្នាក់ ចំពេលនគរបាលចេញល្បាត

6 ខែ មុន 143 តូ សុផល

ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យ ០២ នាក់ ធាក់ផ្តួលយកម៉ូតូសង់ ១២៥សេសេ ពីស្ត្រីវ័យចំណាស់ម្នាក់ ចំពេលនគរបាលចេញល្បាត

ដេញចាប់ខ្លួនបានម្នាក់ និងម៉ូតូ ០១ គ្រឿង ម្នាក់ទៀតរត់គេចខ្លួនដោយសុវត្ថិភាព !

នៅចំណុចលើផ្លូវសាំលិញ (ផ្លូវចិន) គីឡូម៉ែត្រ៥២ ស្ថិតក្នុងភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីធាក់ផ្តួលយកម៉ូតូ ០១ គ្រឿង សង់ម៉ាក HONDA DREAM 125cc សេរីឆ្នាំ ២០១៨ ពណ៌ខ្មៅ គ្មានស្លាលេខ ពីស្ត្រីវ័យចំណាស់កំពុងបើកបរម្នាក់ឯង ដែលបង្ករឡើងដោយជនសង្ស័យ ០២ នាក់ កាលពីថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង ១២ និង ៣០ នាទី ។

ខណៈពេលដែលជនសង្ស័យទាំងពីរធ្វើសកម្មភាពធាក់យកម៉ូតូូពីជនរងគ្រោះមានឈ្មោះ ស្រេង ទូច ភេទស្រី អាយុ ៤២ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដូនមាស ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ បានស្រែបន្លឺសំឡេងខ្លាំងៗដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋជិតនោះជួយដល់គាត់ ព្រោះថាជនសង្ស័យនោះបានលើកម៉ូតូជិះគេចខ្លួនទៅទិសខាងលិច (លើផ្លូវអភិវឌ្ឍន៍ចាក់កៅស៊ូមកឃុំមេមង) ។ ប៉ុន្តែស្របពេលដែលកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមេមង និងជាំតាម៉ៅ កំពុងល្បាតនៅលើចំណុចនោះក៏បានចេញប្រតិបត្តិការដេញប្រផាប់ចាប់ប្រភីង រហូតមកដល់ចំណុចខាងជើងភូមិពើក ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជនសង្ស័យម្នាក់បានផ្តួលម៉ូតូចោលរួចរត់គេចខ្លួនចូលក្នុងព្រៃចំការ ដោយម្នាក់ទៀតបើកបរម៉ូតូរបស់ជនរងគ្រោះបាត់ស្រមោល ។

ភ្លាមៗនោះកម្លាំងប្រជាការពារក៏បានជួយរុករកជនសង្ស័យរហូតដល់ចាប់ខ្លួនបានរួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ដើម្បីសាកសួរតាមនីតិវិធីច្បាប់ ព្រមទាំងម៉ូតូ ០១ គ្រឿង ជាមធ្យោបានរបស់ជនសង្ស័យ ។ បន្ទាប់ពីឃាត់ខ្លួន និងបញ្ជូនជនសង្ស័យម្នាក់នោះមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ គឺបានដឹងថាមានឈ្មោះ សូ វ៉ាន់ណេត ភេទប្រុស អាយុ ១៩ ឆ្នាំ និងជនសង្ស័យរត់គេចខ្លួនមានឈ្មោះ ឃ្លិច វ៉េត ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាមួយគ្នា ។

ករណីខាងលើនេះគឺលោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ បានដឹកនាំកម្លាំងក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ធ្វើការស្រាវជ្រាវតាមចាប់ខ្លួនមុខសញ្ញាដែលរត់គេចខ្លួន និងម៉ូតូរបស់ជនរងគ្រោះ រហូតមកដល់ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង ១៨ និង ១៩ នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទ្រៀកបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាបានឃើញម៉ូតូ ០១ គ្រឿង លាក់ទុកក្នុងព្រៃជាំខាងត្បូងភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈពេលដែលគាត់ដើរទៅបេះបន្លែនៅចំណុចនោះ ។

ក្រោយពីបានទទួលព័ត៌មានភ្លាមកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទ្រៀកបានចុះទៅកន្លែងលាក់ម៉ូតូរួចបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រៀក ។ បច្ចុប្បន្នក៏បានធ្វើលិខិតប្រគល់-ទទួល ទៅឲ្យជនរងគ្រោះវិញដោយមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ ។ ចំពោះជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន និងម៉ូតូ ០១ គ្រឿង ត្រូវបានកម្លាំងផែនជំនាញនគរបាលយុត្តិធម៌ កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ