ព្រឹតិ្តការណ៍ថ្មីៗ

លោកឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត ​បើកយុទ្ធនាការចុះ​សួរសុខទុក្ខ និងចែកអំណោយជូនកងទ័ព នៃកងពលតូចថ្មើរជើងលេខ៥៣ ​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

1 ខែ មុន 121 តូ សុផល

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត ​តំណាង​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិតបានអញ្ជើញចុះសួរ​សុខទុក្ខបងប្អូន នាយទាហាន ​នាយទាហានរង ពលទាហាន យោធិនពិការ និវត្តន៍ជន និងគ្រួសារកងទ័ព នៃកងពលតូចថ្មើ​ជើងលេខ៥៣ ចំនួន​៥៥០នាក់ ដែលស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ដែលនឹងឈានចូលមកដល់ក្នុងដ៏ខ្លីខាងមុខនេះ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះវឌ្ឍនភាពរបស់អង្គភាព ដែលមានការអភិវឌ្ឍសមិទ្ធផលថ្មីៗ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលកងពលតូចថ្មើជើងលេខ៥៣ បានចូលរួមជាច្រើន ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ហើយការបង្កើតឲ្យមានសម្ព័ន្ធមេត្រីភាព គឺផ្តល់ឱកាសឲ្យសមរភូមិក្រោយ បាននៅជាប់ជាមួយសមរភូមិមុខ ក្នុងកិច្ចការពារបូរណភាពទឹកដី។

លោកឧត្តមសេនីយ៍​ បានគូសបញ្ជាក់ថា ក្រោយប្រទេសមានសន្តិភាព រដ្ឋាភិបាលបានខិតខំពន្លឿនការកសាង ទូទាំងក្នុងប្រទេស និងបានជំរុញការកសាង នៅតាមបន្ទាត់ព្រំដែន ដើម្បីងាយស្រួលក្នុងកិច្ចការពារបូរណភាពទឹកដី ដោយការខិតខំពង្រីក ការកសាងផ្លូវនៅតាមបណ្តោយព្រំដែន ដែលថ្ងៃខាងមុខកម្ពុជា នឹងប្រែក្លាយតំបន់ដែលមិនធ្លាប់មានមនុស្សទៅដល់ ប្តូរពីតំបន់អតីតសមរភូមិប្រយុទ្ធ សំបូរទៅដោយគ្រាប់មីន ជំងឺគ្រុនចាញ់ ទៅជាតំបន់ដែលឈរជើងដ៏រឹងមាំ នឹងបង្ក​លក្ខណៈដល់ប្រជាពលរដ្ឋបានរស់នៅ បង្កបង្កើនផលបាន។

លោកឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើជីវភាពប្រជាពលរដ្ឋ ពិសេសមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យោធិនពិការ និងនិវត្តន៍ជន តាមរយៈការតម្លើងប្រាក់បៀវត្ស ផ្តល់ផ្ទះ ដីសង្គមកិច្ច។ បន្ថែមលើនេះរដ្ឋាភិបាល បានបង្កើតបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីពិនិត្យព្យាបាលជំងឹ ជូនដោយឥតគិតថ្លៃ ដែលផ្ទុយពីគណបក្សប្រឆាំង មិនដែលគាំទ្រឲ្យតម្លើងប្រាក់ខែទាហានទេ គេចោទថាទាហានជារបស់រដ្ឋាភិបាល ជារបស់គណបក្សប្រជាជន​។​

​ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត ក៏បានផ្ដល់អំណោយដូចជា ឧបត្ថម្ភគម្រោងសាងសង់ផ្លូវចូលបញ្ជាការដ្ឋាន៤៥,០០០ដុល្លារ, ថវិកាជូនកងពលចំនួន២៥លានរៀល, ជូននាយទាហាន នាយទហានរង និង ពលទាហានចំនួន៤០០នាក់ ម្នាក់ៗ២០ម៉ឺនរៀល, ជូនគ្រួសារយោធិន១៥០នាក់ ម្នាក់ៗសារុង០១ ថវិកា១៥ ម៉ឺន រៀល, ជូនយោធិនពិការ២០នាក់ ម្នាក់ៗអង្ករ២៥គីឡូក្រាម មី០១កេស ត្រីខ០២យួរ ថវិការ២៥ម៉ឺនរៀល និងឧបត្ថម្ភមអាហាសាមគ្គីថវិកា៤លានរៀល។

ដោយឡែក ផ្ទះ​៥ខ្នង ០១ខ្នងទំហំ (០៤ម៉ែត្រ គុណ​០៦ម៉ែត្រ) ធ្វើអំពីឈើប្រក់ស័ង្កសី រៀបការ៉ូបាត និងរៀបជញ្ជាំងឥដ្ឋកំពស់ ០១ម៉ែត្រ តសំយ៉ាបទៅក្រោយប្រវែង (០៣ម៉ែត្រ គុណ២.៥ម៉ែត្រ) ដែលបានចាប់សាងសង់កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ជាអំណោយ​របស់សម្តេច​​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង​៥នាក់ ដែលទីទ័លក្រ​ និងគ្មានទីជំរកសមរម្យ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ