ព្រឹតិ្តការណ៍ថ្មីៗ

សម្ពោធដាក់អោយដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ហ្គោបូអ៊ីស្ត អេនធើធេនម៊ិន នៅខេត្តព្រះសីហនុ

3 ខែ មុន 59 តូ សុផល

ខេត្តព្រះសីហនុ៖ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម មីន​ ស៊ូ ឯកអគ្គរដ្ឋទូនៃប្រទេសមីយ៉ាន់ម៉ា ប្រចាំប្រទេសកម្ពុជានិងលោក ឈិន សេងងួន អភិបាលខេត្តស្តីទី​ ខេត្តព្រះសីហនុ បានអញ្ជើញសម្ពោធដាក់អោយដំណើរការសណ្ឋាគារ ហ្គោបូអ៊ីស្ត អេនធើធេនម៊ិន មានទីតាំងក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ ១០រោជ ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ។

ឯកឧត្តម ឈិន សេងងួន អភិបាលខេត្តស្តីទី​ ខេត្តព្រះសីហនុ មាន ប្រសាសន៍ថា : ការបណ្តាក់ទុនរបស់ក្រុមហ៊ុន Gobo East Entertainmentក្នុងវិស័យទេសចរណ៍ ស្របពេលដែលកំណើនភ្ញៀវទេសចរ និងអ្នកវិនិយោគគិនបរទេសមកខេត្តព្រះសីហនុយ៉ាងគំហុក ។ ហើយសមិទ្ធិផលនេះ ឆ្លុះបញ្ចាំងនូវជោគជ័យក្នុងការអនុ វត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំទាក់ទាញការវិនិយោគក្នុង និងក្រៅប្រទេស បង្កើននូវទំនុកចិត្ត និងជំនឿជឿជាក់ដល់វិនិយោគិន ធុរ:ជន ក្នុងវិស័យអចលនទ្រព្យ ដែលកំពុងបោះជំហានយ៉ាងលឿននៅកម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុ ។

លោកជំទាវឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះសមិទ្ធិផលថ្មីដែលក្រុមហ៊ុនសំរេចចិត្តចូលមកវិនិយោគនៅក្រុង-ខេត្តព្រះសីហនុ ។
លោកជំទាវបានបញ្ជាក់ថា ការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តព្រះសីហនុ នៅមានការប្រឈមដូចជា កង្វះធនធានមនុស្ស ខ្វះរមណីដ្ឋានកំសាន្ត ហេដ្ឋារចនាសម្ព័ន្ធនៅទាន់ខ្សោយ និងកង្វះការផ្សព្វផ្សាយជាដើម។

ម្យ៉ាងទៀតការសម្រេចចិត្តបើកសណ្ឋាគារ​ និងកាស៊ីណូ​ជាជម្រើសដ៏ល្អ ព្រោះក្រុងនេះ ជាទីតាំងយុទ្ធសាស្ត្រដ៍ល្អ ជាប់មាត់ស្រស់ស្អាត មានកំពង់ផែអន្តរជាតិ និងអាកាសយាន្តដ្ឋានអន្តរជាតិ មានសក្កានុពលសេដ្ឋកិច្ច និងពាណិជ្ជ កម្មដ៍សំខាន់របស់កម្ពុជា ។ ដូច្នេះភ្ញៀវទេសចរអន្តរជាតិជាច្រើនពិតជាចេញ ចូល និងស្នាក់នៅក្រុងព្រះសីហនុច្រើន ដើម្បីរក្សាស្ថេរភាព និងកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការផ្ដល់ចំណូល និងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ