ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ចើញដឹកនាំគណៈប្រតិភូក្រសួងចុះសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាន

3 ខែ មុន 61 តូ សុផល

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ចើញដឹកនាំគណៈប្រតិភូក្រសួងចុះសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាន និងសម្ភោធដាក់ឲ្យប្រើប្រាស់អាគារស្នាក់នៅធ្វីពីឈើ ១ខ្នង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅទីបញ្ជាការកងវរៈសេនាតូចលេខ១ ភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ខេត្តតាកែវ។

តាមរបាយការណ៍របស់លោកវរៈសេនីយ៍ទោ ម៉ែន ចាន់ឌា មេបញ្ជាការកងវរៈសេនាតូចលេខ១ បានឲ្យដឹងថាភូមិសាស្ត្រនៃខ្សែបន្ទាត់ព្រំដែនខេត្តតាកែវ ដែលជាប់នឹងប្រទេសវៀតណាម មានប្រវែង ៧៣គីឡូ ៦០០ម៉ែត្រ ចាប់ពីចំណុចព្រំប្រទល់ ខេត្តកណ្តាលត្រង់ចំណុច WT 04.3-04.4 ចំណុចបាក់ដៃ ស្ថិតនៅភូមិបាក់ដៃ ឃុំគោកធ្លក ស្រុកអង្គរបូរី មកដល់ព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ដែលមានស្រុកជាប់និងព្រំដែនចំនួន៤ ឃុំចំនួន១០ ភូមិចំនួន៤៤។ ក្នុងនោះ អង្គភាពបានពង្រាយទីតាំងឈរជើងការពារអធិបតេយ្យភាពជាតិ បូរណៈភាពទឹកដី ខ្សែបន្ទាត់ព្រំដែន និងបង្គោលសីម៉ាចំនួន ២៤ចំណុច តាមរយៈ ៣កងអនុសេនាធំ ៩កងអនុសេនាតូច និង១២ស្នាក់ការ ត្រង់ចំណុច VS85.7-74.7 ចំណុចជ្រោះផ្អោក ភូមិជ្រោយស្លែង ឃុំគីរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ លើខ្សែបន្ទាត់ព្រំដែនចំងាយ ៦៧គីឡូ ៦០០ម៉ែត្រ។

នាក្នុងឱកាសដ៏ថ្លៃថ្លានេះ តាមរយៈឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវសេចក្តីនឹករលឹកបំផុតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់នាយទាហាន នាយទាហានរង ពលទាហាននៃទីបញ្ជាការកងវរៈសេនាតូចលេខ១។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ និងធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងពលិកម្មអាយុជីវិតក្នុងការ ការពារអធិបតេយ្យភាព និងបូរណៈភាពទឹកដីប្រកបដោយប្រសិទ្ធភាព ស្ថេរភាព និងសុខសន្តិភាពជូនដល់ប្រជាជនរស់នៅក្នុងតំបន់។ ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្ពោធដាក់ឲ្យប្រើប្រាស់នូវអាគារស្នាក់នៅធ្វើពីឈើ ១ខ្នង ទទឹង៧ម៉ែត្រ បណ្តោយ១២ម៉ែត្រដោយប្រើអស់ថវិកាផ្ទាល់ខ្លួនចំនួន ១១,៦៧១ ដុល្លាអាមេរិក។ ឧបត្ថម្ភដល់អង្គភាពចំនួន ១០ លានរៀល និងកងទ័ពក្នុងអង្គភាពចំនួន ១៨០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៤ ម៉ឺនរៀលផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានឧបត្ថម្ភទូកល្បាតចំនួន ២គ្រឿង គ្រែពេទ្យចំនួន ១០ សម្រាប់កងទ័ពសម្រាកព្យាបាលជំងឺ ហើយសម្ភារៈប្រើប្រាស់ និងស្បៀងអាហារសរុបចំនួន ៦ លានរៀល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ