ព្រឹតិ្តការណ៍ថ្មីៗ

មិនចង់ឭពាក្យថាបែកគ្នា ប្តីចាក់សម្លាប់ប្រពន្ធចុងទាំងមានផ្ទៃពោះ៤ខែ

2 សប្តាហ៍ មុន 57 តូ សុផល

សៀមរាប ៖ព្រោះតែមិនចង់ឮពាក្យថា បែកផ្លូវគ្នា បុរសជាប្តីម្នាក់បានចាក់ប្រពន្ធចុង ប្រមាណជាង៥កាំបិតចុងស្រួច

បណ្តាលឲ្យធ្លាយពោះស្លាប់ក្នុងថ្លុកឈាមភ្លាមៗ ទាំងមានផ្ទៃពោះ៤ខែ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តែបុរសជាឃាតករត្រូវប៉ូលិសចាប់វាយខ្នោះ ក្រោយរត់គេចច្លួនបានប៉ុនន្មានម៉ោង។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ហេតុការណ៏ដ៏សាហាវព្រៃផ្សៃនេះបានកើតឡើងនាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៨ខែមេសាឆ្នាំ២០១៨ នៅលើដងផ្លូវលំ ស្ថិតក្នុងភូមិផ្ការំចេក ឃុំតាយ៉ែក ស្រុកសូទ្រនិគម។

បើតាមការឱ្យដឹងពីមន្ត្រីនគរបាលមូលដ្ឋានថា ជនសង្ស័យជាប្តីចុងមានឈ្មោះស៊ន់ ទឹក អាយុ៣៦ឆ្នាំ មុខរបរជាកម្មករ មានទីលំនៅភូមិកើតហេតុខាងលើ មានប្រពន្ធនិងកូនរួចហើយ ។ ចណែក ឯសពស្ត្រីជាជនរងគ្រោះមានឈ្មោះប៉ក់ ឈាន អាយុ៣៦ឆ្នាំ មានស្រុកកំណើតនិងទីលំនៅភូមិកំពង់ក្របី ឃុំព្រៃគុយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ មានមុខរបរជាកម្មករដូចគ្នា។

បើតាមលោក អធិការនគរបាលស្រុកសូទ្រនិគម វរសេនីយ៏ឯកណុប សារ៉ាក់ បានឲ្យដឹងថា ជនសង្ស័យ គឺដោយសាតែរូបគេស្រឡាញ់ប្រពន្ធចុងនេះខ្លាំងពេក ហើយមិនចង់បែកផ្លូវគ្នាជាមួយនាង ក្នុងគ្រាដែលនាងបានដឹងរឿងហើយសុំបែកផ្លូវ។

លោកអធិការបន្តថា ដំណើររឿងពួកគេស្រឡាញ់គ្នាក្នុងពេលធ្វើកម្មករជាមួយគ្នា។ កាលជួបគ្នាដំបូងនៅឯខេត្តកំពង់ធំហើយ ជនសង្ស័យបានលួងលោមនាងថា រូបគេមិនមានប្រពន្ធកូនអីទេ ហើយពេលនេះរូបគេចង់រស់នៅជាមួយនាង ដោយបង្កើតគ្រួសារមួយមានកូនប្រុសស្រីដូចអ្នកដ៍ទៃដែរ។

លោកអធិការប្រាប់ទៀតថា សំដីផ្អែមល្ហែមរបស់ជនសង្ស័យ ធ្វើឲ្យនាងព្រមរស់នៅជាមួយគ្នា ជាប្តីប្រពន្ធអស់រយៈពេល៨ខែ និងបានបន្សល់កូនក្នុងផ្ទៃ៤ខែផងដែរ។

លុះដល់ថ្ងៃទី៦ខែមេសា មុនកើតហេតុ ជនសង្ស័យបានមកផ្ទះប្រពន្ធដើម ភូមិកើតហេតុខាងលើ។ បន្ទាប់ ប្រពន្ធចុង ក៏បានតាមមករកប្តីដើម្បីសុំយកអត្តសញ្ញាណបណ្ណ័ ទៅបញ្ចប់សំណុំរឿងលែងលះជាមួយប្តីដើម។ តែពេលមកដល់ភូមិកើតហេតុ ជនរងគ្រោះក៏បានដឹងរឿងថាប្តី ហេងស៊យ នេះមានប្រពន្ធនិងកូនរួចហើយ ទើបនាងនិយាយថា បើបងមានប្រពន្ធនិងកូនហើយសុំរស់នៅជាមួយប្រពន្ធបងចុះ ខ្ញុំសុំតែអត្តសញ្ញាណបណ្ណ័ វិលទៅស្រុកវិញតែប៉ុណ្ណោះ។

លោកអធិការបញ្ជាក់ទៀតថា ជនសង្ស័យទៀតថា ពេលឭនាងនិយាយពីការបែកគ្នាបែបនេះ ជនសង្ស័យមិនចង់បែក ក៏មានគំនិតគិតពីឃាតកម្មនេះតែម្តង។

លុះវេលាម៉ោងកើតហេតុខាងលើ ក្នុងខណៈជនរងគ្រោះកំពុងដើរលើផ្លូវលំជាមួយម្តាយរបស់ខ្លួន ចំណុចកើតហេតុ ក៏ត្រូវជនសង្ស័យយកកាំបិតចុងស្រួច ចាក់ចំកណ្តៀតក្អម១កាំបិត ធ្លាយពោះវៀនចេញមកក្រៅ.ចាក់ដៃឆ្វេង៣កាំបិតនិងចាក់ឆ្អឹងស្លាបប្រចៀវ១កាំបិតទៀត បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងផ្លុកឈាម។ ក្រោយចាក់ប្រពន្ធហើយជននេះ ក៏បានដេញចាក់ម៉ែក្មេកថែមទៀត តែត្រូវអ្នកភូមិជួយអន្តរាគមន៏ទាន់។

លោកអធិការបន្ថែមថា ជនសង្ស័យក្រោយធ្វើសកម្មភាពរួច រូបគេបានទៅដេកអោបសពប្រពន្ធមួយសន្ទុះធំ ទើបរត់គេចខ្លួន។

ជាមួយគ្នានោះ ក្រុមសមត្ថកិច្ចបានសហការគ្នា ដេញចាប់ឃាតកររូបនេះក្នុងរយៈពេល១ម៉ោងក្រោយ ទើបចាប់បាន។

លោកបញ្ជាក់បន្ថែមថា បើទោះបីជាឃាតកររូបនេះសារភាពថា ឃាតកម្មនេះផ្តើមចេញពីការមិនចង់បែកផ្លូវក៏ពិតមែន តែជនសង្ស័យបានបញ្ជូនមកកាន់ស្នងការនគរបាលខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ