ព្រឹតិ្តការណ៍ថ្មីៗ

មានសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ និងអនាម័យល្អប្រសើរ គឺជាបេះដូងរបស់រដ្ឋបាលខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ

8 ខែ មុន 17 តូ សុផល

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៨នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តដឹកនាំ និងបញ្ជាឲ្យលោក យស យុទ្ធី អភិបាលរង និង លោក សាន ណារិទ្ធ ប្រធានស្តីទីប្រជាការពារខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ និងសង្កាត់ពាក់ព័ន្ធ ចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និង អនាម័យ ក្នុងមូលដ្ឋានខណ្ឌដូនពេញ រួមមាន៖ មហាវិថីព្រះមុនីវង្ស, មហាវិថីព្រះនរោត្តម, តីរៈវិថីព្រះស៊ីសុវត្ថិ,មហាវិថីសហព័ន្ធរុស្សី, ផ្លូវលេខ៤៧- ១៣០- ១៣៦-១០៦-១០៨ ផ្លូវភ្លោះព្រះអង្គឌួង, សួនច្បារសម្តេចហ៊ុនសែន-សួនច្បារខាងលិច-ខាងកើតវិមានឯករាជ្យ និងទីតាំងមួយចំនួនទៀតក្នុងមូលដ្ឋានខណ្ឌ ។

ចំពោះការងារអនាម័យបរិស្ថាន លោកអភិបាល បានបញ្ជាឲ្យគ្រប់គោលដៅប្រជាការពារធ្វើការសំអាតសំរាម ដោយបានយកម៉ាស៊ីនបាញ់លាងចល័ត ធ្វើការប្រមូលសំរាមក្រោយពីក្រុមហ៊ុនស៊ីនទ្រីប្រមូលរួច ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបញ្ចេញសំរាមខុសម៉ោងពេលកំណត់ ជាពិសេសលោក អភិបាលខណ្ឌ បានដឹកនាំកម្លាំងធ្វើការបូមបាញ់លាងសំអាតតាមសួនច្បារ-ច្រាំងទន្លេ ចាប់ពីខាងមុខផ្សាររាត្រីរហូតដល់កំពង់ចម្លងអរិយក្សត្រ ព្រមទាំងចុះសំអាតអនាម័យជុំវិញសួនអតីត ទ្រីមលែន, លាងសំអាតការ៉ូឡាសួនសម្តេចតេជោហ៊ុនសែន, សួនច្បារព្រះបរមរតនៈរូប និង សួនច្បារមុខវិទ្យាស្ថានជាតិអប់រំ ហើយបានធ្វើការបាញ់លាងសំអាតក្នុងបរិវេណវត្តឧណ្ណាលោម ដើម្បីទទួលគណៈប្រតិភូជប៉ុន ផងដែរ ។

រដ្ឋបាលខណ្ឌដូនពេញ នៅតែបន្តអនុវត្តតាមការណែនាំ និងបទបញ្ជា របស់ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយ អប់រំ ណែនាំគ្រប់ទីតាំងអាជីវកម្មដ្ឋាន ចំណតរថយន្ត អ្នកលក់ដូរ ម៉ូតូឌុប ម៉ូតូកង់បី និងប្រជាពលរដ្ឋទាំងអស់ដែលបានប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈធ្វើអាជីកម្ម ឲ្យចូលរួមសហការ និងថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យក្នុងមូលដ្ឋាន ឲ្យកាន់តែប្រសើរថែមទៀត ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!