ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន

8 ខែ មុន 87 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨នេះ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក តារ៉ូ កូណូ(Taro Kono)រដ្ឋមន្ត្រីការបរទេសជប៉ុន នៅវិមានសន។

លោក Taro Kono បានគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានទទួលស្វាគមន៍ លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ ។ លោក តរ៉ូ ធ្លាប់បានមកកាន់ប្រទេសកម្ពុជាម្តងនៅឆ្នាំ១៩៩២ ហើយកន្លងមក ឪពុករបស់លោកក៏ជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនផងដែរ ក៏ធ្លាប់បានមករួមចំណែកក្នុងការជួយដល់កម្ពុជាកន្លងមកក្នុងការស្វែងរកសន្តិភាព និងរួមចំណែកក្នុងការជំរុញការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។ លោកបានជំរាបជូបសម្តេចតេជោថាគោលបំណងរបស់ជប៉ុនគឺធ្វើយ៉ាងណាជួយមកដល់កម្ពុជាអោយក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ ក្នុងន័យនេះលោកថា ជប៉ុន បានមានចំណាប់អារម្មណ៍ជួយដល់ប្រទេសកម្ពុជាលើវិស័យមួយចំនួនដូចជា ឡូជីស្ទីក ដោយមានការគ្រប់គ្រងកំពង់ផែ តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍធនធានមនុស្ស។ លើសពីនេះទៅទៀតជប៉ុន នឹងជួយកម្ពុជាលើបណ្តាញផ្គត់ផ្គង់អគ្គិសនីក្នុងទីក្រុងភ្នំពេញ ក៏ដូចជាកិច្ចការពារសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ លោកបានបន្តថាជប៉ុន នឹងរៀបចំកិច្ចប្រជុំកំពូលមួយគឺ ជប៉ុន-មេគង្គ នៅពេលខាងមុខ ហើយលោកក៏បានគោរពអញ្ជើញសម្តេចតេជោចូលរួមក្នុងក្នុងកិច្ចប្រជុំកំពូលនោះផងដែរ ដែលផ្តោតទៅលើកិច្ចសហប្រតិបត្តិការសំរាប់ថ្ងៃអនាគត ជាពិសសេសលើការតភ្ជាប់ (connectivity) ដែលជាអទិភាពមួយ រួមទាំងវិស័យសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សជាដើម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងបានអរគុណចំពោះមិត្តជប៉ុនដែលបានជួយមកដល់ប្រទេសកម្ពុជាក្នុងការស្វែងរកសុខសន្តិភាពក្នុងការស្តារអភិវឌ្ឍប្រទេសជាតិ។ សម្តេចតេជោក៏បានសំដែងនូវការគាំទ្រចំពោះកិច្ចប្រជុំកំពូល-មេគង្គ ជប៉ុន នាពេលខាងមុខ ដោយសម្តេចចាត់ទុកជាកិច្ចប្រជុំដែលមានសារសំខាន់ ជាពិសេសការតភ្ជាប់ទំនាក់ទំនងស្របគ្នានឹងការធ្វើសមាហរណកម្មអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលកន្លងមកជួយដល់កម្ពុជាទាំងវិស័យហរដ្ឋរចនាសម្ព័ន្ធ កំពង់ផែ ទឹកស្អាត ការពារទឹកជំនន់និងសង្រ្គោះបន្ទាន់ ហើយ សម្តេចតេជោ ក៏បានមានប្រសាសន៍ផងដែរថាកន្លងមកកាលពីឆ្នាំ២០១៣ កម្ពុជា និងជប៉ុនបានលើកទំនាក់ទំនងអោយទៅជាទំនាក់ទំនងដៃគូរជាយុទ្ធសាស្ត្រហើយ ក្នុងនោះអ្វីដែលយើងអាចធ្វើបានថែមទៀតនោះគឺជំរុញនិងបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ដែលទាំងអស់នេះជាសក្តានុពល និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីផងដែរ។

បន្ទាប់ពីកិច្ចពិភាក្សារួច សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស និង ឯកឧត្តម Taro Kono ស្ដីពីការផ្ដល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុនមកកាន់រាជរដ្ឋាភិបាលកម្ពុជាលើលិខិតប្ដូរសារនិងកំណត់ហេតុនៃការពិភាក្សាស្ដីពីការផ្ដល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុនមកកាន់រាជរដ្ឋាភិបាលកម្ពុជា ដូចខាងក្រោម៖

១- ហិរញ្ញប្បទានឥតសំណងជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៥០០ លានយ៉េន (¥៥០០,០០០,០០០) សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា

២- ឥណទានសម្បទានជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៩.២១៦ លានយ៉េន (¥៩,២១៦,០០០,០០០) សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី នៅរាជធានីភ្នំពេញ ជំហានទី២។

ក្រោយពីអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាហើយ សម្តេចតេជោ ហ៊ុន សែន និងលោករដ្ឋមន្រ្តីការបរទេសជប៉ុន បានអញ្ជើញពិសារអាហារពេលថ្ងៃត្រង់នៅវិមានសន្តិភាពប្រកបដោយភាពស្និទ្ឋស្នាលក្រៃលែង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!