ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកថវិកាចំនួន ៥២,៤៦៩,៥០០ រៀល អង្ករ 4 បាវ ទឹកក្រូច 4 កេស ទឹកសុទ្ធ 4 កេស ប្រគល់ជូនក្រុមគ្រួសារសព មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ!

3 ខែ មុន 311 តូ សុផល

ភ្នំពេញ៖  នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំប្រតិភូ អាវុធហត្ថរាជធានីភ្នំពេញទៅចូលរួមបុណ្យខួប០៧ថ្ងៃ របស់សពលោកវរសេនីយ៍ត្រី មាស ធន មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅនិងបាននាំយកថវិកាចំនួន 52,469,500 រៀល។

ក្នុងនោះមាន ថវិការបស់មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថដែលផ្តួចផ្តើមឡើងដោយ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន 39.464.500 រៀល ព្រមទាំងថវិការបស់មូលនិធិកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន 13.005.000 រៀល អង្ករ 4 បាវ ទឹកក្រូច 4 កេស ទឹកសុទ្ធ 4 កេស ប្រគល់ជូនដល់ក្រុមគ្រួសារសពលោកវរសេនីយ៍ត្រី មាស ធន ដើម្បីទុកជាទុនក្នុងការប្រកបរបរចឹញ្ចឹមជីវិតតទៅមុខ ខណៈដែលបង្គោល គ្រួសារមួយនេះបានបាត់បង់។

ក្នុងឱកាសនាពេលពេលនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ផ្តាំផ្ញើដល់គ្រួសារសព លោកវរសេនីយ៍ត្រី មាស ធន ថាទោះឋិតក្នុងកាលៈទេសៈណាក៏ដោយ សម្រាប់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកងរាជអាវុធហត្ថទូទាំងប្រទេស ដែលដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ សៅ សុខា គឺតែងតែយកចិត្តទុកដាក់រួបរួមសាមគ្គី ជួយគ្នាទៅវិញទៅមក មិនបោះបង់ចោលគ្នាឡើយ ជាក់ស្តែងក្នុងពេល ដែលលោកវរសេនីយ៍ត្រី មាស ធន បានលាចាកលោកទៅ អាវុធហត្ថរាជ ធានីភ្នំពេញទាំងអស់បានបង្ហាញនូវក្តីស្តាយ ស្រណោះ អាឡោះអាល័យ និងចងចាំ គុណូបក្ការៈរបស់លោក មាស ធន ដែលធ្លាប់លះបង់កម្លាំងកាយចិត្តនិងពេលវេលា ចូលរួមបម្រើជាតិ សាសនា ព្រះមហាក្សត្រ កន្លង មក ប្រកបដោយភាពក្តុកក្តួល។

អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួម រៀបចំពិធីបុណ្យសពនិងបូជាសព ប្រកបដោយភាពអ៊ឹកធឹក ជាពិសេស អាវុធហត្ថរាជធានីភ្នំពេញរួមជាមួយ កម្លាំងសាមគ្គី របស់មហាគ្រួសារអាវុធហត្ថទូទាំងប្រទេស បានរួមគ្នាបរិច្ចា គធនធាន ប្រគល់ជូនដល់គ្រួសារសពលោកវរសេនីយ៍ត្រី មាស ធន ដូចដែលបានឃើញជាក់ស្តែងនៅពេលនេះ គឺមានចំនួន 52,469,500 រៀល។

ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានផ្តាំផ្ញើជូនចំពោះគ្រួសារសពលោក វរសេនីយ៍ត្រី មាស ធន សូមឲ្យកាត់ចិត្ត ព្រោះជីវិតមនុស្សសត្វក្នុងលោក គឺមិនទៀតទាត់ឡើយ កើត ចាស់ ឈឺ ស្លាប់ ជារឿងធម្មតា ពុំមាននណាម្នាក់ជៀសរួចទេ ដូច្នេះបើយើងនៅមានជីវិតរស់ មិនថាចាស់ឬក្មេង ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯងឲ្យបានហ្មត់ចត់បំផុត ត្រូវចេះរៀបចំធ្វើផែនការសេដ្ឋកិច្ចគ្រួសារ ដើម្បីជៀសឲ្យផុតពីភាពក្រីក្រ ហើយប្រព្រឹត្តតែរឿងល្អៗសម្រាប់ក្រុមគ្រួសារនិងសង្គមជាតិ ត្រូវជៀសឲ្យឆ្ងាយពីអំពើឧបាយមុខផ្សេងៗ ជាពិសេសសូមជៀសឲ្យផុតពីបញ្ហាគ្រឿងញៀន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ