ព្រឹតិ្តការណ៍ថ្មីៗ

កំពុងតែឆ្ងាញ់! អាជ្ញាធរខណ្ឌជ្រោយចង្វារចុះហាមឃាត់ និងណែនាំម្ចាស់កម្មវិធីជប់លៀង ឲ្យបញ្ឈប់ និងរើតុកៅអីចេញ

1 ឆ្នាំ មុន 4034 តូ សុផល

ជ្រោយចង្វារ៖ នៅវេលាម៉ោងប្រមាណ ២០:៣០នាទី ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨នេះ កម្មវិធីជប់លៀងមួយត្រូវបានកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ សហការជាមួយអាជ្ញាធរសង្កាត់ជ្រោយចង្វារ ចុះធ្វើការហាមឃាត់ និងណែនាំឲ្យម្ចាស់បញ្ឈប់កម្មវិធី និងឲ្យរើតុកៅចេញពីទីធ្លាសាធារណៈជាបន្ទាន់មិនចាំព្រឹកស្អែក។

កម្មវិធីជប់លៀងជួបជុំសប្បាយរីករាយខាងលើ គឺធ្វើឡើងដោយមិនមានច្បាប់ទម្លាប់ និងមិនមានការអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងបានយកទីធ្លាសាធារណៈដែលទុកសម្រាប់ឲ្យប្រជាពលរដ្ឋទូទៅធ្វើដំណើរដោយថ្មើរជើង និងធ្វើលំហាត់ប្រាណនោះ ដាក់តុ កៅអី ចង្ក្រាន ខ្វះ ទៅវិញ ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបាត់បង់នូវសោភ័ណភាពទីក្រុង ធ្វើឡើងនៅចំណុចទីធ្លាសាធារណៈ ផ្លូវថ្មើរជើងស្របដងទន្លេសាប ស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីអាជ្ញាធរខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច គឺមានតួនាទីភារកិច្ចធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនៅក្នុងមូលដ្ឋាន ដូចនេះរាល់សកម្មភាព ឬទង្វើណាដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធា្នប់ និងរបៀបរៀបរយសាធារណៈ គឺមិនត្រូវបានអនុញ្ញាតឲ្យមានវត្តមានឡើយ។ តួយ៉ាងការប្រារព្ធពិធីជប់លៀងខាងលើ គឺបានប្រព្រឹត្តឡើងដោយរំលោភយកទីធ្លាសាធារណៈដែលជាទីកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ អញ្ជើញមកលម្ហែអារម្មណ៍នៅតាមមាត់ទន្លេ ដើម្បីទាញយកផលប្រយោជន៍ ដូចជា៖ ស្រូបយកខ្យល់អាកាសបរិសុទ្ធ, សម្រាកខួរក្បាលបំបាត់ភាពស្មុគស្មាញក្នុងខ្លួនបន្ទាប់ពីបញ្ចប់ការរកស៊ី និងការងារ, ហាត់ប្រាណដើម្បីសុខភាព ។ល។

ក្នុងន័យនេះ អាជ្ញាធរខណ្ឌជ្រោយចង្វារ សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមថែរក្សាការពារសួនច្បារសាធារណៈ ទីធ្លាសាធារណៈ ចិញ្ចើមផ្លូវសាធារណៈ ។ល។ ទុកជាកន្លែងសម្រាប់បម្រើដល់ផលប្រយោជន៍សាធារណៈ និងជួយទប់ស្កាត់ការរំលោភបំពាន់គ្រប់រូបភាព ដើម្បីជាប្រយោជន៍បងប្អូន និងសង្គមជាតិយើងទាំងមូល៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ