ព្រឹតិ្តការណ៍ថ្មីៗ

មណ្ឌលសុខភាពចំនួន​ ៥​ ទទួលបានការវាយតម្លៃជាប់ចំណាត់ថ្នាក់ជាតិពីលេខ១-៥​ និងមណ្ឌលសុខភាពចំនួន​ ១៧​ ទទួលបានការវាយតម្លៃជាប់ចំណាត់ថ្នាក់ខេត្តលេខ១សំរាប់ខេត្តនិមួយៗ

3 ខែ មុន 108 តូ សុផល

ភ្នំពេញ៖ សន្និបាតសុខាភិបាលលើកទី៣៩​ បានដំណើរការបើកនៅព្រឹកថ្ងៃ១០កើត​ ខែចេត្រ​ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១​ ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម​ លោកជំទាវ​ ថ្នាក់ដឹកនាំក្រសួង​ អភិបាល-រងនៃរាជធានី-ខេត្តទាំង២៥​ មន្ត្រីសុខាភិបាលជាន់ខ្ពស់និងមន្ត្រីតាមនាយកដ្ឋាននៃក្រសួងសុខា ភិបាល​ លោក-លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្តទាំង២៥​ មន្ត្រី-បុគ្គលិកសុខា ភិបាលនៅតាមមណ្ឌលសុខភាពដែលទទួលបានការលើកសរសើរនិងរង្វាន់មកពីខេត្តទាំង២៥​ និងតំណាងមកពីបណ្តាមន្ទីរ-ក្រសួងនានា​ សរុបមានចំនួន៥១៥នាក់។

ថ្លែងក្នុងឱកាសដ៏វិសេសវិសាលនេះ​ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានស្វាគមន៌យ៉ាងកក់ក្តៅចំពោះវត្តមានចូលរួមរបស់ឯកឧត្តម-លោកជំទាវ​ លោក-លោកស្រី​ សមាជិក-ជិកា​ អង្គសន្និបាតទាំងអស់នៅក្នុងពិធីបើកសន្និបាតនេះ​ ហើយបានកោតសរសើរដល់ការខិតខំប្រឹងប្រែងក្នុងការកែលម្អគុណភាពសេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណ:ទាំងអស់​ ជាពិសេសសូមចូលរួមអបអរសាទរចំពោះជ័យលាភីថ្នាក់ជាតិលំដាប់ថ្នាក់លេខ១-៥​ និងលេខ១ថ្នាក់ខេត្តចំនួន១៧ខេត្តដែលបានចូលរួមកែលម្អគុណភាពសេវានៅមណ្ឌលសុខភាពបានល្អប្រសើរ។ ឯកឧត្តមក៏បានក្រើនរំលឹកឲ្យបន្តការយកចិត្តទុកដាក់លើកកម្ពស់គុណភាពសេវា​ អនុវត្តក្រមសីលធ៌មវិជ្ជាជីវ:ត្រឹមត្រូវ​ បម្រើប្រជាជនឲ្យបានល្អ​ ជាពិសេសព្យាយាមអនុវត្តគោលនយោបាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រាប់កម្មករ-ការិនី​ ទាំងក្នុងនិងក្រៅប្រព័ន្ធ​ ព្រមទាំងមន្ត្រីសាធារណ:​ អតីតយុទ្ធជន​ និវត្តន៌ជន​ ជនចាស់ជរាគ្មានទីពឹង​ និងជនក្រីក្រ​ ដោយរដ្ឋជាអ្នកចេញថ្លៃជួស​ តាមរយ:កម្មវិធី​ ប.ស.ស.​ និងមូលនិធិសមធ៌ម។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់កិត្តិយសជូនពានរង្វាន់​ ប័ណ្ណសរសើរ​ និងរង្វាន់ជាទូរទស្សន៌ជូនដល់ជ័យលាភីមានដូចខាងក្រោមនេះ។

មណ្ឌលសុខភាពដែលទទួលបាននូវការលើកសរសើរនិងរង្វាន់មានដូចខាងក្រោមនេះ​ ៖

ក.​ ចំណាត់ថ្នាក់ជាតិ​ ៖
១.​ លេខ១​ គឺមណ្ឌលសុខភាព​ ចារឈូក​ ស្រុកអង្គរជុំ​ ខេត្តសៀមរាប​ ទទួលបានពានរង្វាន់​ ប័ណ្ណសរសើរ​ និងទូរទស្សន៌១គ្រឿង
២.​ លេខ២​ គឺមណ្ឌលសុខភាព​ បួរ​ ស្រុកសំពៅលូន​ ខេត្តបាត់ដំបង​ ទទួលបានប័ណ្ណសរសើរ​ និងទូរទស្សន៌១គ្រឿង
៣.​ លេខ៣​ គឺមណ្ឌលសុខភាព​ កិចុង​ ស្រុកបរកែវ​ ខេត្តរតនគីរី​ ទទួលបានប័ណ្ណសរសើរ​ និងទូរទស្សន៌១គ្រឿង
៤.​ លេខ៤​ គឺមណ្ឌលសុខភាព​ បឹងបត់កណ្តោល​ ស្រុកបាកាន​ ខេត្តពោធិសាត់​ ទទួលបាន​ប័ណ្ណសរសើរ​ និងទូរទស្សន៌១គ្រឿង
៥.​ លេខ៥​ គឺមណ្ឌលសុខភាព​ ព្រៃព្នៅ​ ស្រុកពារាំង​ ខេត្តព្រៃវែង​ ទទួលបានប័ណ្ណសរសើរ​ និងទូរទស្សន៌១គ្រឿង​ ។

ខ.​ ចំណាត់ថ្នាក់ខេត្តដែលទទួលបានលេខ១ក្នុងខេត្ត​ ទទួលបានប័ណ្ណសរសើរ​ គឺ៖
១.​ មណ្ឌលសុខភាព​ ចក្រីទីង​ ស្រុកកំពត​ ខេត្តកំពត​
២.​ មណ្ឌលសុខភាព​ ផ្អាវ​ ស្រុកអន្លង់វែង​ ខេត្តឧត្តរមានជ័យ
៣.​ មណ្ឌលសុខភាព​ ស្អាង​ ស្រុកជ័យ​សែន ខេត្តព្រះវិហារ
៤.​ មណ្ឌលសុខភាព​ សែប​ ស្រុកកំពង់ត្រឡាច​ ខេត្តកញពង់ឆ្នាំង
៥.​ មណ្ឌលសុខភាព​ គោគងួន​ ស្រុកកំពង់ធំ​ ខេត្តកំពង់ធំ
៦.​ មណ្ឌលសុខភាព​ សំបួរ​ ស្រុកទ្រាំង​ ខេត្តតាកែវ
៧.​ មណ្ឌលសុខភាព​ ស្លា​ ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ
៨.​ មណ្ឌលសុខភាព​ ស្វាយមាស​ ស្រុកចំការលើ​ ខេត្តកំពង់ចាម
៩.​ មណ្ឌលសុខភាព​ បុស្បូវ​ ស្រុកព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ
១០.​ មណ្ឌលសុខភាព​ ស្រែក្រសាំង​ ស្រុកស្ទឹងត្រែង​ ខេត្តស្ទឹងត្រែង
១១.​ មណ្ឌលសុខភាព​ អូរច្រា​ ស្រុកប៉ៃលិន​ ខេត្តប៉ៃលិន
១២.​ មណ្ឌលសុខភាព​ វាលអង្គពពេល​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ
១៣.​ មណ្ឌលសុខភាព​ ក្រង់តេះ​ សែនមនោរម្យ​ ខេត្តមណ្ឌលគីរី
១៤.​ មណ្ឌលសុខភាព​ ដូង​ ស្រុករមាសហែក​ ខេត្តស្វាយរៀង
១៥.​ មណ្ឌលសុខភាព​ ចំបក់​ ស្រុកឆ្លូង​ ខេត្តក្រចេះ
១៦.​ មណ្ឌលសុខភាព​ អូរក្រសារ​ ស្រុកកែប​ ខេត្តកែប
១៧.​ មណ្ឌលសុខភាព​ ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

ខេត្ត​ ៣​ ដែលបានស្នើសុំមិនចូលរួមក្នុងការប្រឡងប្រណាំង​ គឺ​ ខេត្តព្រះសីហនុ​ ខេត្តកោះកុង​ និងខេត្តកណ្តាល។

ព័ត៌មានទទួលបានពីលោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ អគ្គនាយកបច្ចេកទេសសុខាភិបាល​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ