ព្រឹតិ្តការណ៍ថ្មីៗ

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA ) ទទួលសម្ភារៈបរិក្ខាពេទ្យពី LION CLUBS INTERNATIONAL ដើម្បីរួមចំណែកក្នុងការងាមនុស្សធម៌

1 ឆ្នាំ មុន 61 តូ សុផល

ភ្នំពេញ៖ ក្នុងគោលបំណងចូលរួមចំណែកក្នុងការងាមនុស្សធម៌នៅកម្ពុជាLION CLUBS INTERNATIONAL

ដែលមានមូលដ្ឋាននៅក្នុងប្រទេសអូស្រ្តាលី ដែលផ្តោតទៅលើការងារមនុស្សធម៌ បានជួយឧបត្ថម្ភដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នូវសម្ភារៈបរិក្ខាពេទ្យ ដែលក្នុងនោះមានដូចជា គ្រែអ្នកជំងឺ រទេះជនពិការ ម៉ាស៊ីនបូមស្លេស និងបរិក្ខាពេទ្យផ្សេងទៀត សរុបទាំងអស់១៩ប្រភេទ។

 

លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូពេត្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានមានប្រសាសន៍ថា សមាគមបានបង្កើតរយៈពេលជាង៥ឆ្នាំកន្លងមកហើយ ក្រោមការផ្តួចផ្តើមគំនិតផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន   ដែលមានគោបំណងរួមចំណែកជាមួយស្ថាប័នរាជរដ្ឋាភិបាល ដើម្បីផ្តល់សុខភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយ។

 

លោកបានបន្តថា សមាគមបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ក្រីក្រដល់ទីកន្លែង ជាពិសេសតាមទីជនបទដាច់ស្រយ៉ាល។ ជាងនេះទៅទៀតសមាគមបានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៏ដូចជាផ្តល់ឱកាសដល់ប្អូនៗនិស្សិត យុវជនស្ម័គ្រចិត្តដ៏ទៃទៀតបានចូលរួមចំណែកបម្រើការងារមនុស្សធម៌ដល់សង្គមជាតិផងដែរ។

 

លោកបានបន្តថា គិតរហូតមកដល់ពេលនេះប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង២៥ម៉ឺននាក់ដែលបានទទួលការពិនិត្យ និងព្យាបាលជូនដោយឥតគិតថ្លៃពីសមាគម ហើយក្នុងនោះអ្នកជំងឺធ្ងន់ចំនួនជាង៣ពាន់នាក់ត្រូវបានបញ្ជូនបន្តមកព្យាបាលនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាមន្ទីពេទ្យនានាដេលជាដៃគូរបស់សមាគម។

 

លោកថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ពីមួយថ្ងៃទៅមួយថ្ងៃទៅមួយថ្ងៃបានពង្រីកសកម្មភាពមនុស្សធម៌របស់ខ្លួនទៅតាមលទ្ធភាពដោយមានការចូលរួមពីសប្បុរសជននិងស្ថាប័នមនុស្សធម៌ផ្សេងៗដើម្បីចុះពិនិត្យនិងការព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅតាមបណ្តាខេត្តនានា តាមបណ្តារោងចក្រ សហគមន៍ អង្គការកុមារកំព្រាជាច្រើននៅទូទាំងប្រទេស។

 

លោកស្រីJenny Tew ប្រធានសមាគម LION CLUB មានប្រសាសន៍ថា លោកស្រី និងក្រុមការងារ ពិតជាមានការសប្បាយរីករាយណាស់ដែលមានឱកាសសហការជាមួយTYDA ធ្វើកិច្ចការងារមនុស្សធម៌ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាតាមរយៈការជួយឧបត្ថម្ភនូវសម្ភារៈបរិក្ខាពេទ្យទាំងនេះ  ហើយនេះគឺជាគោលបំណងរបស់សមាគមលោកស្រីក្នុងការរួមចំណែកជួយទៅដល់ប្រជាពលរដ្ឋក្រីក្រដែលមិនមានលទ្ធភាព បង់ថ្លៃសេវាសុខភាព។ ហើយលោកស្រីនិងខិតខំគៀងគររកជំនួយបន្ថែមទៀតនៅពេលខាងមុខដើម្បីចូលរួមចំណែកក្នុងការងាមនុស្សធម៌ជាមួយTYDA។

 

ពិធីប្រគល់សម្ភារៈបរិក្ខាពេទ្យនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ដែលមានការចូលពី លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងលោកស្រី Jenny Tew ប្រធានសមាគម LION CLUB និងក្រុមការងារ នៅបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ