ព្រឹតិ្តការណ៍ថ្មីៗ

មានមួយកំប្លេ ជល់មាន់ អាប៉ោង កន្ទុយលេខ នៅច្រកត្រពាំងស្រែ ពេញនិយមទាំងរាស្ត្រ និងមន្រ្តី

4 ខែ មុន 1526 តូ សុផល

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋរស់នៅច្រកត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា កាស៊ីណូ ហេង ហេងនិង ហ្គោលស៊ីធី ដែលមានល្បែងចំរុះដូចជា៖ ជល់មាន់ អាប៉ោង កន្ទុយលេខ និងល្បែង ភ្នាល់គ្រប់ប្រភេទ កំពុងទាក់ចិត្ត រាស្ត្រ និងមន្រ្តីខ្មែរ ចូលលេងសប្បាយអឺងកង យ៉ាងរលូនដោយគ្មាន អាជ្ញារធរស្រុក / ខេត្ត អើពើសោះឡើយ។

ប្រជាពលរដ្ឋអំពាវនាវឲ្យ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ ឯកឧត្តម ស ចំរុង អភិបាលខេត្តក្រចេះ និង លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ចាការកងរាជអាវុធហត្ថ ខេត្ត ក្រចេះ ជួយចាត់វិធានការទប់ស្កាត់ ឬបង្ក្រាបល្បែងស៊ីសងអោយមានប្រសិទ្ធភាពដើម្បីពង្រឹងសន្តិសុខសង្គមផង។

ប្រជាពលរដ្ឋថា មន្ត្រីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចក្នុងស្រុកស្នួល មិនហ៊ានចាត់វិធានការបង្ក្រាបបនល្បែងក្នុងកាស៊ីណូទាំង២ខាងលើទេ ព្រោះម្ចាស់កាស៊ីណូនេះ មានខ្នងបង្អែកយ៉ាងរឹងមាំចាំជួយដោះស្រាយគ្រប់ពេលវេលា។

ប្រជាពលរដ្ឋរស់នៅច្រកត្រពាំងស្រែ បន្តថា ភាគច្រើនអ្នកដែលចូលលេងល្បែងក្នុងកាស៊ីណូទាំង២នេះ គឺជាជនជាតិខ្មែរ (ទាំងរាស្ត្រ និងមន្ត្រី) ហើយកំពុងតែធ្វើឲ្យពលរដ្ឋខ្មែរខ្លះចាញ់ល្បែងអស់លុយកាក់ទ្រព្យសម្បត្តិច្រើន សន្ធឹកសន្ធាប់។

បើទោះបីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចនគរបាលស្រុកភ្នំស្នួល បានដឹងយ៉ាងច្បាស់ថាម្ចាស់កាស៊ីណូនោះអាងខ្នង អាងអំណាច យ៉ាងណាក៏ដោយ ម្តេចមិនរាយការជូនថ្នាក់លើ ជួយទប់ស្កាត់ផង ទុកឲ្យម្ចាស់កាស៊ីណូនោះធ្វើអ្វីៗតាមអំពើចិត្ត។ ប្រភពខ្លះបានដាក់ការសង្ស័យថា មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ទទួលបានផលប្រយោជន៍ពីម្ចាស់កាស៊ីណូនៅត្រពាំងស្រែ ទើបបណ្ដោយឲ្យម្ចាស់កាស៊ីណូនោះប្រព្រឹត្តបំពានច្បាប់យ៉ាងរលូនបែបនេះ។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ចាប់តាំងពីកាស៊ីណូបើកដំណើរការ គឺបទល្មើសផ្សេងៗ កើតឡើងរាលដាលក្នុងស្រុកស្នួល ដូចជាអំពើចោរកម្ម លួច ឆក់ ប្លន់ និង អំពើហិង្សាក្នុងគ្រួសារ ជាដើម។

ពលរដ្ឋសង្ឃឹមមុតមាំលើ អភិបាលខេត្ត ស្នងការនគរបាលខេត្ត និង មេបញ្ជាការកងរាជអាវុធហេតុក្រចេះ មិនគួរមើល រំលងតទៅទៀតទេ ហើយគួរចាត់វិធានការទប់ស្កាត់ល្បែងស៊ីសងនៅក្នុងស្រុកស្នួលផង។ ជាងនេះទៅទៀតល្បែងស៊ីសងដែលកំពុងកើតឡើងយ៉ាងរាល ដាលនៅក្នុងស្រុកស្នួល គឺជាកត្តាដែលនាំឲ្យមានបទល្មើសផ្សេងៗកើតឡើងរាលដាល ធ្វើអោយប្រជាពលរដ្ឋកំពុងព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម៕

ខាងក្រោមនេះជា កាលវិភាគចែកវេនគ្នារបស់កាស៊ីណូទាំង២
កាស៊ីណូ ហ្គោលស៊ីធី ជល់ ថ្ងៃច័ន្ទ ដល់ថ្ងៃពុធ និងថ្ងៃសុក្រ រីឯ កាស៊ីណូ ហេងហេង ជល់ថ្ងៃអង្គារ ថ្ងៃព្រហស្បត៍ និងថ្ងៃអាទិត្យ។

ហើយអ្វីដែលកាន់តែចម្លែងនោះនៅកន្លែងសង្វៀនជល់មាន់នេះដែរគេតែងតែឃើញ វត្តមាន ប៉ូលីសការពារ ប៉ុស្តិ៍ព្រំដែន និង ប៉ូលីសសេដ្ឋកិច្ចក្រសួង ទាហ៊ានការពារព្រំដែន២០៤ តែងតែសកម្មមិនសូវបាត់ មុខនោះទេ។

ប្រភពមិនបញ្ចេញឈ្មោះថា កាស៊ីណូទាំង២ខាងលើ បើកដំណើរយ៉ាងរលូនបែបនេះ ដោយមាន ភាគហ៊ុន ពី មេប៉ុសិ៍ច្រករបៀង មេប៉ូលីសសេដ្ឋកិច្ចក្រសួង និងទាហ៊ានការពារវរៈព្រំដែន២០៤ ផងដែរ។

ជុំវិញបញ្ហានេះ អង្គភាពព័ត៌មាន TNN មិនអាចសុំការបំភ្លឺពីអាជ្ញាធរ និងស្ថាបនពាក់ព័ន្ធ នៅឡើយ ដោយ គ្មានលេខទំនាក់ទំនង ប្រសិនបើ អាជ្ញាធរ ឬស្ថាបនពាក់ព័ន្ធចង់ស្រាយបំភ្លឺ អោយមហាជនបានជ្រាប ច្បាស់ អស់មន្ទិលសង្ស័យ សូមទំនាក់ទំនងមកកាន់លេខ៖ 0974444174 / 0963899997។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ