ព្រឹតិ្តការណ៍ថ្មីៗ

សិស្សពូកែលេខ១ ទូទាំងខេត្តផ្នែកអក្សរសាស្ត្រ មានស្ថានភាពគ្រួសារក្រលំបាក ទទួលបានការយកចិត្តទុកដាក់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

4 ខែ មុន 125 តូ សុផល

ខេត្តមណ្ឌលគីរី៖ នៅពេលបានដឹងពីទុក្ខលំបាករបស់កញ្ញា ថន រដ្ឋា សិស្សពូកែលេខ១ ទូទាំងខេត្តផ្នែកអក្សរសាស្ត្រ កាលពីថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨ នេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានណែនាំឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគីរី ចុះពិនិត្យពីស្ថានភាពរស់នៅជាក់ស្តែងរបស់ គ្រួសារកញ្ញា ដែលរស់នៅភូមិពូរ៉ាប៉ែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ក្រោយពីបានឃើញស្ថានភាពជាក់ស្តែងនៃទុក្ខលំបាករបស់គ្រួសារកញ្ញា ថន រដ្ឋា ដែលមានឪពុកជាអ្នកចាំចម្ការឱ្យគេ និងម្តាយជាអ្នករកអុសខិតខំចិញ្ចឹមកូនៗឱ្យបានរៀនសូត្រនោះ នៅថ្ងៃចន្ទ ទី១៩ ខែមីនា នេះ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគីរី បានសម្រេច៖
១. ផ្តល់ស្បៀងនិងថវិកាជួយសម្រាលជីវភាពរស់នៅ
២. ធ្វើការជាមួយអាជ្ញាធរភូមិ-ឃុំ រកទីតាំងសម្រាប់សង់ផ្ទះ
៣. គណៈកម្មាធិការសាខានឹងសង់ផ្ទះមួយខ្នងជូនគ្រួសាររបស់កញ្ញា
៤. ផ្តល់ទីកន្លែងស្នាក់នៅក្នុងអន្តេវាសិកដ្ឋានដល់កញ្ញា ថន រដ្ឋា ដែលនឹងត្រូវទៅបន្តការសិក្សាកម្រិតវិទ្យាល័យ នាពេលខាងមុខ។

ក្រុមគ្រួសារកញ្ញា​ ថន​ រដ្ឋា​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលមានក្តីមេត្តា​ ករុណា​ និងបានយកចិត្តទុកដាក់ គិតគូរជួយ​ដោះស្រាយទុក្ខលំបាកជូនគ្រួសារកញ្ញា​ ក៏ដូចជា​ ប្រជាជនជួបការលំបាកទូទៅ​ ដោយគ្មានការរើសអើង​ មិនប្រកាន់វណ្ណៈ​ ពូជសាសន៍​ ពណ៌សម្បុរ​ ឬនិន្នាការនយោបាយអ្វីឡើយ​៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ