ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋថា បើគ្មានការបើកភ្លើងខៀវ ម្តេចមានទីតាំងហ្គេមបាញ់ត្រី និងហ្គេមអនឡាញ ដំណើរការយ៉ាងរលូន ពេញបន្ទុក ក្នុងខណ្ឌចំការមន?

2 ខែ មុន 582 តូ សុផល

ភ្នំពេញ ៖ ប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា មានទីតាំង ហ្គេមបាញ់ត្រី ហ្គេមអនឡាញបង្កប់ល្បែង ភ្នាល់ និងទីតាំងបនល្បែង ជាច្រើនកន្លែង

ក្នុងខណ្ឌចំការមន កំពុងបើកលេងយ៉ាងរលូន ទាំងយប់ទាំងថ្ងៃ គ្មានការបង្ក្រាប សង្ស័យអាជ្ញាធរសង្កាត់/ខណ្ឌជាអ្នកបើកភ្លើងខៀវ ធ្វើជាបិទភ្នែក រក្សាទុកមិនបង្ក្រាប ថ្នូរនិងផលប្រយោជន៍ ចូលហោបៅខ្លួន ឬយ៉ាងណា?

ប្រភពច្បាស់ការបានបញ្ជាក់ថា ទីតាំងហ្គេមបាញ់ត្រីធំៗ២កន្លែងនៅមិនឆ្ងាយប៉ុន្មានពីអធិការដ្ឋាននគរបាលខណ្ឌចំការមនប៉ុន្មានទេ គឺនៅក្រោយស្ថានីយ៍ប្រេងឥន្ទនៈសូគីម៉ិច ជ្រមុះជ្រូកក្បាលថ្នល់ តាម បណ្ដោយផ្លូវ២៧១ ដែលជ្រកក្រោមស្លាកអ៊ីនធឺណេត ២៤ម៉ោង ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការ មន រាជធានីភ្នំពេញ និងមានទីតាំងផ្សេងទៀត ជាពិសេសហ្គេមអនឡាញបង្កប់ល្បែងភ្នាល់ ចាក់បាល់ ឆ្នោតយួន នៅតាមបណ្តាទីតាំងប្តូរ/វេលុយ wing, True Money, E-Money, Asia វេលុយ គ្រប់ បណ្តាសង្កាត់ ក្នុងខណ្ឌចំការមន បាននិងកំពុងបើកលេងយ៉ាងរលូន ទាំងឈប់ទាំងថ្ងៃ ផ្គើននិងបទបញ្ជា សាលារាជធានីភ្នំពេញ ផ្ទុយនឹងគោលនយោបាយភូមិ-សង្កាត់ទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល។

ស្ទើរតែគ្រប់ការប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ជា អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ តែក្រើនរំលឹក ដល់អភិបាលខណ្ឌទាំង១២ខណ្ឌ អោយចុះបង្ក្រាប ល្បែងស៊ីសងគ្រប់ប្រភេទបូករួមទាំងហ្គេមអនឡាញ២៤ម៉ោងបង្កប់ល្បែងភ្នាល់អោយអស់ពីមូលដ្ឋាន ជាពិសេសល្បែងហ្គេមបាញ់ត្រីនេះតែម្ដង។

តែអ្វីដែលមហាជនហួសចិត្តបំផុតនោះ ហ្គេមបាញ់ត្រី និង ហ្គេមអនឡាញ ជាច្រើនកន្លែង ក្នុងខណ្ឌ ចំការមន នៅតែបន្តបើកលេង យ៉ាងគគ្រឹកគគ្រេង ទាំងយប់ទាំងថ្ងៃ ២៤ម៉ោង លើ២៤ម៉ោង។

មជ្ឈដ្ឋានទូទៅបានរិះគង់ចំៗទៅលើលោក ព្រុំ សំខាន់ អភិបាល អភិបាលរងទទួលបន្ទុក លោកចៅ សង្កាត់ និង លោកវរៈសេនីយ៍ យិន សាន្ត លោកអធិការខណ្ឌចំការមន ថា កំពុងផ្គើន និងបញ្ជារបស់ អភិបាលរាជធានីភ្នំពេញ និង គោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលពេញទំហឹងហើយ។

ប្រជាពលរដ្ឋសូមណុំពរទៅដល់ លោក ព្រុំ សំខាន់ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន និងលោក យិន សាន ដែលជាអធិការខណ្ឌចំការមន មេត្តាមានវិធានខ្លះ ចំពោះបនល្បែងស៊ីសង ដែលកំពុងរីក សាយភាយពេញបន្ទុកក្នុងមូលដ្ឋានរបស់ខ្លួនផង។

TNN មិនទាន់ទទួលបានការបំភ្លឺ ពីអាជ្ញាធរខណ្ឌចំការមន នោះនៅឡើយទេ អង្គភាពយើងខ្ញុំ ស្វាគមន៍រាល់ការបកស្រាយបំភ្លឺពីសមីភាគីពាក់ព័ន្ធទាំងអស់។ ទំនាក់ទំនងទូរស័ព្ទលេខ 0974444174

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ