បាំងតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ បុណ្យទន្លេនឹងមកដល់ហើយ!

3 ខែ មុន 30 តូ សុផល

ខេត្តកណ្តាល៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល នាថ្ងៃទី០៤ ខែមីនានេះ

បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារចុងក្រោយនូវការត្រៀមរៀបចំបុណ្យទន្លេលើកទី៤ នៅសាលាខេត្តកណ្ដាល ជាមួយនឹងការស្នើយ៉ាងទទូចដល់ប្រជាពលរដ្ឋ​ អាជីវករ និងភ្ញៀវទេសចរឲ្យចូលរួមរក្សាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថានក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។

គិតត្រឹមថ្ងៃនេះ នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះនឹងឈានមកដល់ហើយ ពោលនាថ្ងៃទី០៩-១០-១១ ខែមីនា ឆ្នាំ២០១៨ ឆាប់ៗខាងមុននេះ។

ក្នុងកិច្ចប្រជុំខាងលើ ថ្នាក់ដឹកនាំទាំងពីរបានជំរុញឲ្យលេខាធិការដ្ឋាន និងអនុគណៈកម្មការ ពន្លឿនការងារដែលនៅសេសសល់ឲ្យបានរួចស្រេចមុនពេលពិធីមកដល់ ក្នុងនោះរួមមាន៖

១-ត្រូវយក​ឱកាសប្រារព្ធពិធីបុណ្យទន្លេនេះ ធ្វើជាយុទ្ធនាការទីក្រុងស្អាត រៀបចំសណ្ដាប់ធ្នាប់សាធារណៈ រៀបចំបន្ថែម និងសម្អាតបង្គន់អនាម័យសាធារណៈ ដោះស្រាយបញ្ហាសំរាម និងត្រូវដាក់ធុងសំរាមបន្ថែមនៅតាមទីសាធារណៈ ត្រូវមានការតុបតែងរចនាលម្អគេហដ្ឋានរបស់ប្រជាពលរដ្ឋ ទាំងនៅក្នុងក្រុងតាខ្មៅ ក៏ដូចជានៅត្រើយម្ខាង និងទូទាំងខេត្តផងដែរ ពិសេសត្រូវបញ្ឈប់ការបោះសំរាម ឬក្រដាសចោលក្រោមតុ ដោយជំនួសមកវិញនូវកន្សែងត្រជាក់ ឬក្រណាត់អនាម័យ ទើបជាការប្រសើរ។

២-ពង្រឹងការគ្រប់គ្រងអភិវឌ្ឍន៍រមណីយដ្ឋាន និងគុណភាពសេវាទេសចរណ៍ នៅតាមភោជនីយដ្ឋាន អាហារដ្ឋាននានាឲ្យបានសមរម្យ និងមានការពេញចិត្ត ពិសេសត្រូវយកចិត្តទុកដាក់ដល់គុណភាព និងសេវានាវាទេសចរណ៍ទន្លេ (Mekong river cruise) ជាទុនទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកម្សាន្ត។

៣-រៀបចំប្រព័ន្ធការពារសុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់សារធារណៈ ការបញ្ជៀស និងកាត់បន្ថយបញ្ហាចរាចរណ៍ ត្រូវរៀបចំឲ្យមានការដឹកជញ្ជូនភ្ញៀវតាមផ្លូវទឹក និងផ្លូវវាងនៅត្រើយម្ខាង (សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ)។

៤-ត្រូវកៀរគរប្រជាពលរដ្ឋខ្មែរឲ្យចូលរួមតាំងពិព័រណ៍ និងដាក់លក់ផលិតផលក្នុងស្រុកដែលពួកគាត់សម្រេចបាន ដូចជា ដំណាំកសិកម្ម ឧស្សាហកម្ម ផលិតផលកែច្នៃនាំចេញដោយអាទិភាព និងគោលនយោបាយពិសេសដល់ផលិតផលក្នុងស្រុក។

៥-ត្រូវជំរុញការសម្ដែងសិល្បចម្រុះ សិល្បៈវប្បធម៌ ផ្ទាំងទស្សនីយភាពដែលបង្ហាញពីអត្តសញ្ញណនៃទឹកដី ភូមិសាស្ត្រ និងសកម្មភាពកីឡានានា ទាំងនៅលើគោក និងនៅលើទឹក ហើយត្រូវមានទូកកាណូតដឹកទេសចរចូលរួមផងដែរ។

៦-ត្រូវពង្រីការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍បុណ្យទន្លេនេះ ប្រាប់ទៅប្រជាពលរដ្ឋ ភ្ញៀវទេសចរ អាជីវករ ក្រុមហ៊ុន និងដៃគូនានា ដើម្បីជំរុញការចូលរួមក្នុងព្រឹត្តិការណ៍ទេសចរណ៍នេះឲ្យបានច្រើនកុះករ ពោលសម្រេចឲ្យបានការរំពឹងទុកជាង ១លាននាក់។

៧-ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យអនុគណៈកម្មការ ត្រូវរៀបចំព្យុហយាត្រាលើទឹកទន្លេឲ្យបានអធឹកអធ័ម ដើម្បីញ៉ាំងបរិយាកាសនៃពិធីដ៏ធំនេះឲ្យកាន់តែល្អប្រសើរ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះហើយ គណៈអធិបតីបានបន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងរៀបចំពិធី នៅតាមមាត់ទន្លេបាសាក់ ដើម្បីចង្អុលបង្ហាញផ្ទាល់ដល់ក្រុមការងារ ក្នុងការរៀបចំនូវការងារពាក់ព័ន្ធនានា។

សូមជម្រាបថា ពិធីបុណ្យទន្លេលើកទី៤ ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ទន្លេសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍» ដែលនឹងប្រារព្ធឡើងក្រោមអធិបតីភាពរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយការរំពឹងទុកថានឹងមានភ្ញៀវទេសចរចូលរួមទស្សនាជាង ១លាននាក់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ