ព្រឹតិ្តការណ៍ថ្មីៗ

លួចកប់ដីខ្សាច់ហើយនៅរកឃើញទៀត! ទូហ្គេម៧គ្រឿង ត្រូវអភិបាលខណ្ឌមានជ័យ បញ្ជាឲ្យកម្លាំងចុះបង្ក្រាប!​

5 ខែ មុន 578 តូ សុផល

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង០២:០០នាទីរសៀល ថ្ងៃសៅរ៍​ ២រោច ខែផល្គុន​ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមិនា​ ឆ្នាំ២០១៨ លោក ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ​ បានឯកភាពឲ្យមន្រ្តីក្រោមឱវាទរបស់ខ្លួនបន្តដឹកនាំកម្លាំងប្រជាការពារសាលាខណ្ឌមានជ័យ កម្លាំងសង្កាត់ចាក់អង្រែលើ សហការគ្នាចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ ដែលសម្ងំលាក់ខ្លួនជ្រកក្នុងផ្ទះមួយកន្លែង ដោយលួចលាក់ជីកដីខ្សាច់កប់ ស្ថិតនៅតំបន់​អាណាធិបតេយ្យ​ វាលខ្សាច់​ ផ្លូវ៦០ម៉ែត្រ​ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ឲ្យ TNN បានដឹងថា ក្នុងប្រតិបត្តិការនេះ លោកបានបញ្ចាឲ្យដឹកនាំរួមដោយលោក ស៊ុំ​រិទ្ធី​ មន្ត្រីសាលាខណ្ឌ សហការជាមួយកម្លាំងអាជ្ញាធរសង្កាត់ចាក់អង្រែលើ ដឹកនាំដោយ​លោក កែវ សារឿន​ ចៅសង្កាត់ចាក់អង្រែលើ​ និងកម្លាំងប្រជាការពារសាលាខណ្ឌមានជ័យ ដឹកនាំដោយលោក​ ឡេង​ ច័ន្ទសុភត្រា​ ប្រធានប្រជាការពារសាលាខណ្ឌមានជ័យ ហើយមុននិងឈានដល់ការបង្ក្រាបល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខាងលើនេះ គឺគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានបើកកិច្ចប្រជុំ និងឯកភាពសម្រេច ស្តីពីការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន និងឆ្លើយតបតាមគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព។

ជាក់ស្តែងនៅវេលារសៀលខាងលើនេះ កម្លាំងបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី ជាលិទ្ធផលដកហូតទូហ្គេមបាញ់ត្រី ចំនួន៣គ្រឿង និងទូរហ្គេមបៀរ ចំនួន​៤គ្រឿង​ ត្រូវកម្លាំងយកទៅរក្សាទុក នៅសាលាខណ្ឌមានជ័យ​ រង់ចាំធ្វើការវាយកម្ទេចចោលពេលក្រោយ ចំណែកឯម្ចាស់ទីតាំងបានរត់គេចខ្លួនបាត់។

សូមបញ្ជាក់ឲ្យដឹងដែលថា អភិបាលនៃគណ:អភិបាលខណ្ឌមានជ័យ បានលើកឡើង​ក្នុងពេលប្រជុំកាលពីកន្លងមកនេះថា លោកបានក្រើនរំលឹកខ្លាំងៗដល់អស់លោក ចៅសង្កាត់នឹងនាយប៉ុស្តិ៍ទាំង៧ សង្កាត់ត្រូវរាយការណ៍ពីភាពអសកម្មមកថ្នាក់លើ​ ជាពិសេសបញ្ហាល្បែងស៊ីសង​ គ្រប់ប្រភេទ​ មានហ្គេមបាញ់ត្រី​ ភ្នាល់បាល់​ ល្បែងជ្រកក្រោមស្លាកណេត២៤ម៉ោង នឹងទីតាំងហាងបញ្ជាំផ្សេងៗ​ មិនត្រូវលាក់សង្ងំទុកអោយកើតបទល្មើសទើបរាយការណ៍នោះទេ។

លោកអភិបាលបានបន្តទៀតថា ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងអនុវត្តន៍គោលនយោបាយរាជរដ្ឋាភិបាលភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព យើងទាំងអស់គ្នាត្រូវតែធ្វើដោយមិនយោគយល់ អនុគ្រោះឲ្យបុគ្គលណា? ឫម្ចាស់ទីតាំងណា? ដែលផ្តល់ទីកន្លែងឲ្យប្រព្រឹត្តបើកបនល្បែងស៊ីសងផ្សេងៗជ្រកក្រោមផ្លាកធ្វើអាជីវកម្មទៀតឡើយ។ បើមានម្ចាស់ទីតាំងទាំងនោះ ត្រូវតែទទួលខុស ត្រូវចំពោះផ្លូវច្បាប់ រួមជាមួយការបាត់បង់នៅសំភារៈឫឧបករណ៍ផ្សេងៗដែលបំរើ ឲ្យផលប្រយោជន៍ពីល្បែងទាំងនោះ។

ក្នុងនាមលោកជាអភិបាលខណ្ឌមានជ័យ និងជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ សូមបញ្ជាឲ្យអាជ្ញាធរសង្កាត់ទាំង៧ ក្នុងខណ្ឌមានជ័យ ជាពិសេសកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាបលើបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ី សងគ្រប់ប្រភេទនោះ ដែលជាចំណុចស្នូល នៃការបង្កើតអោយ មានបទល្មើស លួច ឆក់ ប្លន់ និងពង្រឹងការបង្ក្រាបសកម្មភាព អសន្តិសុខផ្សេងៗជាច្រើនទៀត ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ៕៚ (អត្ថបទនិងរូបភាព ដោយ AhBoYz)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ