ព្រឹតិ្តការណ៍ថ្មីៗ

កំណត់អត្តសញ្ញាណ ខ្មាន់កាំភ្លើងបាញ់សម្លាប់គូស្នេហ៍ នៅខណ្ឌសែន តែចាប់ខ្លួនមិន ទាន់បាននៅឡើយ

9 ខែ មុន 283 តូ សុផល

ភ្នំពេញ៖ បន្ទាប់មានការខិតខំស្រាវជ្រាវរបស់សមត្ថកិច្ច ក្រោយមានករណីបាញ់ ប្រហារកក្រើកខណ្ឌសែនសុខទើបឈានដល់ការកំណត់បាន នូវលំនៅដ្ឋាន របស់ខ្មាន់កាំភ្លើង ដៃឆៅចិត្តសឿងរូបនោះ តែគួរសោកស្តាយបំផុត ព្រោះខ្មាន់កាំភ្លើងខាង លើគេចខ្លួនបាត់ដោយសុវត្ថិភាពបន្សល់ទុកតែរថយន្តទំនើប RANGE ROVER ពណ៌.ស ពាក់ផ្លាកលេខភ្នំពេញ 2R-6967 មួយគ្រឿង ដែលជនដៃដល់ជិះធ្វើសកម្មភាពតែប៉ុណ្ណោះ។

គួររំលឹកដែរថា ប្រតិបត្តិការណ៍នៃការឆែកឆេរនេះ ធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី២៨ កុម្ភៈ នៅចំណុចផ្ទះលេខT៥៣A ក្នុងបុរីហ្គេនជ្រោយចង្វារក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ខ្មាន់កាំភ្លើង ដែលកំពុងតាមចាប់ខ្លួន ឈ្មោះ ប៊ុន តេង ហៅ ហ្គោ អាយុ៣២ឆ្នាំ ជាមន្ត្រីយោធាភូមិភាគ៥ មានឋានន្តរសក្តិអនុសេនីយ៍ត្រី និងជាអ្នករកស៊ីនាំខោអាវពីប្រទេសថៃ មកបោះដុំនៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិប្រឡាយធំ ឃុំព្រៃញី ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ មានប្រពន្ធឈ្មោះ ចាប វីលី អាយុ៣១ឆ្នាំនិងមានកូន២នាក់ ។

ប្រភពដដែលបន្តថា ការកំណត់បានមុខសញ្ញា ខ្មាន់កាំភ្លើងនេះ បន្ទាប់ពីមានការបាញ់ប្រហារជាច្រើនគ្រាប់ ផ្អើលទាំងវេលារំលងអធ្រាត្រថ្ងៃ២៦ កុម្ភៈ គឺត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពពីរថយន្តRANGE ROVER ពណ៌.ស និងមានផ្លាកលេខយ៉ាងច្បាស់ ហើយក៏ត្រូវបានដឹងម្ចាស់រថយន្តនេះ តែងបានបញ្ជិះស្ត្រីរងគ្រោះមកផ្ទះជួលរបស់នាង តែក្រោយមក ប្រហែលជាស្នេហ៍បែកបាក់ នាងក៏មានស្នេហ៍ថ្មី ទើបជននេះគិតខ្លី ក៏តាមព្យាបាទដល់អាយុជីវិត ទីបំផុតខ្លួនឯងក៏បានក្លាយជាពិរុទ្ធជនបាត់បង់អ្វីៗទាំងអស់នាពេលនេះ។

សមត្ថកិច្ចប្រាប់ថា ជនដៃដល់បានជិះរថយន្តម៉ាក RANGE ROVER ពណ៌.ស ពាក់ផ្លាកលេខភ្នំពេញ២R-៦៩៦៧មួយគ្រឿង ប្រដាប់ដោយអាវុធខ្លី បានធ្វើសកម្មភាពបាញ់ ប្រហារចំនួន ៥គ្រាប់ ដើម្បីផ្តាច់ជីវិតគូស្នេហ៍នៅមុខផ្ទះ បណ្តាលឱ្យរងរបួសទាំង២នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ករណីបាញ់ប្រហារនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ កុម្ភៈ ត្រង់ចំណុចមុខផ្ទះជួលនៅតាមបណ្តោយផ្លូវ១៩៧៤ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនរងគ្រោះ
ទី១-ឈ្មោះ គង់ រ៉ាវិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣៣កា ផ្លូវលំ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ បានរងរបួសចំនួន៣គ្រាប់។
ទី២-ឈ្មោះ សឺង វិន ហៅស្រីលក្ខណ៍ ភេទស្រី អាយុ២៥ឆ្នាំ មុខរបេរលក់ខោអាវ និងខ្លះអះអាងថា នាងបម្រើការនៅហាងខារ៉ាអូខេមួយ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើបានរងរបួសចំនួន២គ្រាប់ ។

ជុំវិញករណី ប្តីបាញ់សម្លាប់គូស្នេហ៍នោះ ស្ត្រីជាប្រពន្ធពុំបានដឹងនោះទេ បន្ទាប់ពីសមត្ថកិច្ចឆែកឆេរ និងកំណត់មុខសញ្ញាជនដៃដល់ សមត្ថកិច្ចក៏បានដកហូតរថយន្តដែលជិះធ្វើសកម្មភាព បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចេញដីកាតាមចាប់ខ្លួន ៕

មហាជនកំពុងតាមដានរឿងនេះ ថាតើសមត្ថកិច្ចអាចតាមចាប់ឃាតករមកផ្តន្ទាទោស បាន ឬយ៉ាងណា? ព្រោះករណីកន្លងទៅ ជនល្មើសដែលបានប្រព្រឹត្តិនូវ អំពើល្មើស ច្បាប់មួយចំនួន អាចរស់នៅក្រៅសំណាញ់ច្បាប់ដោយសុខស្រួលទៅវិញ?

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!