ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង អភិបាលខេត្តមណ្ឌលគិរី អត់ដឹង ព្រៃខៀវ​ ជាង៦០០០ហិចតា​ រងការ​កាប់ទន្រ្ទាន​ យកជាកម្មសិទ្ធិ ឬយ៉ាងណា?

5 ខែ មុន 814 តូ សុផល

មណ្ឌលគិរី​៖ នៅដើមឆ្នាំ២០១៨នេះ សកម្មភាពកាប់ទន្ទា្រនព្រៃយកដីនៅតំបន់ព្រៃខៀវ ស្រុកកោះញែក កំពុងកើតមានខ្លាំងជាងឆ្នាំ២០១៧ ខណះសេចក្តីរាយការណ៏បានឲ្យដឹងថា ដីព្រៃបម្រុងរបស់រដ្ឋឬតំបន់ព្រៃខៀវប្រមាណជិត៦ ០០០ហិចតា ក្នុងភូមិសាស្ត្រឃុំរយ៉ ស្រុក កោះញែក ខេត្ត មណ្ឌលគិរី កំពុងត្រូវបានមនុស្សមួយក្រុម កាប់ទន្ទ្រានរុករានយកដីធ្វើជាកម្មសិទ្ឋិផ្ទាល់ខ្លួន ស្របពេលដែល អាជ្ញាធរខេត្តហាក់មិនមានចំណាត់ការ ចំពោះសកម្ម ភាពបំផ្លាញព្រៃឈើដ៏រង្គាលក្នុងតំបន់នោះឡើយ ឬអាចថា អាជ្ញាធរបានជាប់ពាក់ព័ន្ឋផលប្រយោជន៏ណាមួយក៏មិនដឹង។

ក្រុមអ្នកតាមដានបរិស្ថានបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៥មក ព្រៃនៅតំបន់ព្រៃខៀវក្នុងស្រុកកោះញែក បានរងនូវការកាប់បំផ្លាញដុតកម្ទេចដើម្បីយកដីធ្វើជាកម្មសិទ្ឋផ្ទាល់ខ្លួន រហូតធ្វើឲ្យព្រៃក្នុងតំបន់ខាងលើ ដែលធ្លាប់ជាព្រៃស្រោងសម្បូរដើមឈើធំៗនឹងសត្វព្រៃកម្រជាច្រើនប្រភេទ បានក្លាយទៅជាវាលរហោឋានក្នុងពេលមួយពពេចភ្នែក។

ប្រភពដែលសុំមិនបញ្ចេញអត្តសញ្ញាណបានខ្សឹបប្រាប់ថា មេខ្យល់ឈ្មោះកែវ វុទ្ឋី ដែលមានដីកាចាប់ខ្លួនពីតុលាការស្ទើររាប់មិនអស់ កំពុងប្រើយុទ្ឋសាស្ត្រគៀងគរប្រជាពលរដ្ឋពីតំបន់ជិតឆ្ងាយ ចូលទៅកាប់រានដីយកជាកម្មសិទ្ឋផ្ទាល់ខ្លួន ដោយឈ្មោះនេះបានបង្គាប់ឲ្យអ្នកដែលចូលទៅកាប់ព្រៃយកដីបង់លុយឲ្យក្រុមខ្លួនរាប់ពាន់ដុល្លា។

ប្រភពដដែលថា សកម្មភាពរបស់ឈ្មោះ កែវ វុទ្ឋី មិនមែនចេះតែធ្វើទៅបានដោយគ្មានបង្អែក ពីក្រោយនោះទេ ដោយជននេះ បានទាក់ទងមន្ត្រីមានអំនាចក្នុងខេត្ត នឹងមានបុគ្គលម្នាក់ដែលបានយកនាមជាសាច់ញាតិរបស់ថ្នាក់ដឹកនាំ ទៅប្រើដើម្បីបន្លាចមន្ត្រីនៅមូលដ្ឋាន។

ជាងនេះទៅទៀតរយៈកាលជិតបីឆ្នាំមកនេះ ឈ្មោះ កែវ វុទ្ឋី បានប្រើប្រាស់លុយមិនតិចម៉ឺនដុល្លានោះទេ ឲ្យទៅមន្ត្រីម្នាក់នៅសាលាមណ្ឌលគិរី ដើម្បីជួយរត់ការឲ្យថ្នាក់ដឹកនាំ ទទួលស្គាល់ ថា ជាដីស្របច្បាប់។ទោះជាយ៉ាងណាអត្តសញ្ញាណមន្ត្រីដែលបានទទួលផល ប្រយោជន៏ពី លោក កែវ វុទ្ឋី នៅមិនទាន់ត្រូវបានគេទម្លាយឲ្យស្គាល់នៅឡើយទេ។

សេចក្តីរាយការណ៏បានឲ្យដឹងថា មានប្រជាពលរដ្ឋមកពីខេត្តឆ្ងាយៗដូចជា ព្រៃវែង កំពង់ចាម កំពង់ធំ កំពង់ស្អឺ ស្វាយរៀង ក្រចេះ ពោធិសាត់ រាប់រយនាក់ចូលទៅកាប់ព្រៃ ដើម្បីរានយកដីជាបន្តបន្ទាប់។បើទោះជា ឈ្មោះកែវ វុទ្ឋី មិនមានវត្តមាននៅទីតាំងដីនោះ មែន (ខ្លាចត្រូវចាប់ខ្លួនព្រោះមានដីការច្រើន) ប៉ុន្តែឈ្មោះនេះបានប្រើកូនក្រុមរបស់ខ្លួន ធ្វើសកម្មភាពឃោនានាំប្រជាពលរដ្ឋក្រីក្រទៅកាប់ព្រៃក្នុងតំបន់ខាងលើ។

ករណីដីព្រៃរបស់រដ្ឋរាប់ពាន់ហិចតាក្នុងស្រុកកោះញែក ត្រូវបានកាប់បំផ្លាញយកជាកម្មសិទ្ឋផ្ទាល់ខ្លួនខាងលើនេះ ក៏មានការលេចឮពីភាពមិនប្រក្រតីថា ករណីនេះមានជាប់ពាក់ព័ន្ឋជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការឃុបឃិតគ្នាជាប្រព័ន្ឋ រវាងមេខ្យល់នឹងអ្នកគ្រប់គ្រងក្នុងតំបន់នេះជាច្រើនផងដែរ ។

បុរសចំណាកស្រុកម្នាក់ដែលកំពុងកាប់ឈើក្នុងតំបន់ព្រៃខៀវនោះបានប្រាប់ថា គាត់ «មកកាប់ព្រៃដែលខ្ញុំទិញដីពីលោក កែវ វុទ្ធី» ។ហើយគេឃើញលោក កែវ វុទ្ធី បានចាត់ចែងមនុស្សជំនិតក្រោមបង្គាប់ របស់ខ្លួនមានគ្នា ៦នាក់ផ្សេងទៀតដើវាស់វែងដី និងកត់ឈ្មោះប្រមូលប្រាក់ ពីប្រជាពលរដ្ឋមកពីឆ្ងាយនោះ ដើម្បីទទួលបានចំណែកដី ដែលសុទ្ឋតែព្រៃស្រោង នឹងព្រៃរបោះ ជាកម្មសិទ្ឋិ។

បុរសជនជាតិឥស្លាមម្នាក់មកពីភូមិអង្គរក្រៅ ឃុំដូនតី ខេត្តត្បូងឃ្មុំ បាននិយាយថា នៅជំរុំ(រោងប្រក់តង់កៅស៊ូ)របស់គាត់មានមនុស្ស ចំនួន១៤គ្រួសារ ដែលបានទទួលបានបង្កាន់ដៃកាន់កាប់ដីឬ ហៅថា ចុងសន្លឹកគ្រប់ៗគ្នា ដែលមានក្បាលដីទទឹង៥០m×១០០០m ហើយពួកគាត់បានបង់ប្រាក់ក្នុងម្នាក់មួយលានរៀល ទៅលោក កែវ វុទ្ឋី មុនដល់ពេលចុះកាប់ព្រៃ ត្រូវបង់ម្នាក់មួយលានទៀត។

ប្រភពបន្តទៀតថា មានគ្រួសាខ្លះបង់លុយទៅឲ្យលោក កែវ វុទ្ធី ចាប់ពី៧០០$ទៅ១ ៥០០$ក៏មាន តាមដីនៅមុខឬដីនៅក្រោយ ចំណែបក្សពួកកូនចៅរបស់ ឈ្មោះ កែវ វុទ្ធី នោះត្រូវបានគេស្គាល់ឈ្មោះថា ១.ឈ្មោះ ហ៊ែល ស្លេះ ២.សេង ទូច ៣.ឈ្មោះ ហ៊ាត ស្រី ៤.ឈ្មោះ ដា ៥.ឈ្មោះ វី ៦.ញេះ រ៉ូលី ។

បើតាមសំដីរបស់លោកពូ ស្រេន ស្លេះ អាយុ៥៨ឆ្នាំ រស់នៅតំបន់ភូមិខាងលើបានរៀបរាប់ថា ដំបូងឡើយព្រៃនៅចំណុចព្រៃខៀវ ភូមិ រវ៉ាក់ ឃុំរយ៉ស្រុកកោះញ៉ែក មណ្ឌលគិរី ជាប់ព្រំប្រទល់ ទឹកដីឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ មានប្រជាជនដែលរស់នៅកាប់រានដីដំបូង មានចំនួន២៥១គ្រូសារប៉ុណ្ណោះ តែមកដល់បច្ចុប្បន្ននេះ ត្រូវបានអាជ្ញាធរដេញចេញ អស់រយៈពេលបីឆ្នាំមកហើយ។

គាត់បានបន្តថា បើសិនជារដ្ឋដកដីទាំងនោះ ទុកជាសម្បត្តិរដ្ឋពួកគាត់មិនតូចចិត្តទេ តែផ្ទុយទៅវិញដីចំណុចនោះ បែរជាលេចចេញមនុស្សថ្មី មកដើរតួជាមេខ្យល់ គៀងគរប្រជាពលរដ្ឋថ្មីៗមកពីចម្ងាយ ដោយប្រមូលប្រាក់ដាក់ខោប៉ៅខ្លូនឯង រួចចេញលិខិតក្លែងក្លាយបន្លំបោក ប្រាស់ប្រជាពលរដ្ឋ មកពីខេត្តផ្សេងៗមានចំនួនរហូតដល់៥៨៩គ្រួសារទៅវិញ។
ក្រុមអ្នកភូមិបានបញ្ជាក់ថា ឈ្មោះ កែវ វុទ្ធី នេះកាលពីបីឆ្នាំមុន ធ្លាប់ត្រូវអាជ្ញាធរខេត្តស្ទឹងត្រែង ចាប់ដាក់ពន្ឋនាគាម្តងរួចមកហើយ ដោយសារតែដើរឆរបោកប្រជាពលរដ្ឋ ហើយក្នុងឆ្នាំ២០១៦ ក៏ត្រូវសមត្ថកិច្ចចាប់បញ្ជូនក្នុងពន្ឋធនាគារខេត្តមណ្ឌលគិរីម្តងទៀត ក្នុងករណីដូចគ្នានេះ។ តែឈ្មោះ កែវ វុទ្ឋី ហាក់មានរាសីខ្ពស់ណាស់ ព្រោះនៅតែអាចធ្វើសកម្មភាពដដែលជាដដែលបានដោយគ្មានខ្លាចញញើតច្បាប់បន្តិចណាឡើយ។

ជុំវិញករណីនេះ តើលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង  លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងស្ថាបនពាក់ព័ន្ធផ្សេងអត់ដឹងទេឬយ៉ាងណា បានជាក្រុមឈ្មូញកាប់ទន្រ្ទាន​រាប់រយហិតាបែបនេះ ឬមួយត្រូវថ្នាំសន្តំនិងគេដែរហើយ? ពលរសង្ឃឹមលើអស់ លោកជាមន្ត្រីពាក់ព័ន្ធ តែបើអស់លោកមិនខ្វល់ខ្វាយ មិនរវល់ពីផលប្រយោជន៍ជាតិជាធំបែបនេះ តើសង្ឃឹមអីទៀត បើសម្បូរតែ ពួកមន្ត្រី កន្ទេលធំ បន្លំដេក បែបនេះ ?

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ