ព្រឹតិ្តការណ៍ថ្មីៗ

ផ្សារសែនមនោរម្យ ត្រូវបានអគ្គិភ័យឆាបឆេះកាលកន្លងទៅ គ្រោងនិងស្ថាបនាថ្មីឡើងវិញ

1 ឆ្នាំ មុន 376 តូ សុផល

មណ្ឌលគិរី៖ ផ្សារសែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលត្រូវបានអគ្គិ ភ័យឆាបឆេះកាលពីពេលថ្មីនេះនឹងអាចស្ថាបនាឡើងវិញក្នុងពេលឆាប់ៗខាងមុខ គ្រាដែលអាជ្ញាធរខេត្តមណ្ឌលគិរី ជាមួយអាជីវករ បានពិភាក្សាគ្នាយ៉ាង ល្អិតល្អន់ នឹងបានព្រមព្រៀមគ្នា ដោយអាជីវករស្ម័គ្រចិត្ត សាងសង់តូប និងផ្ទះឡើងវិញដោយខ្លួនឯង ចំណែកអាជ្ញាធរមាន ភារកិច្ចរៀបចំហេដ្ឋារចនាសម្ព័ន មានផ្លូវ ប្រព័ន្ធលូ និងចរន្តអគ្គីសនី ជូនអាជីវករ ។

ក្រុមអាជីវករក្នុងផ្សារសែនមនោរម្យបានលើកឡើងថាពួកគាត់បានឯកភាពចំពោះការសាង សង់តូប និងផ្ទះឡើង វិញ ដោយខ្លួនឯង ពុំចាំបាច់ឲ្យអាជ្ញាធរលំបាកនោះទេ អ្វីដែលពួកគាត់ចង់បាន គឺសំណូមពរឲ្យអជ្ញាធរវាស់វែងបែង ចែកដីធ្លី នឹងចេញប័ណ្ឌកម្មសិទ្ធ (ប្លង់រឹង) សម្រាប់ពួកគាត់កាន់កាប់ និងចង់ឲ្យអាជ្ញាធរធ្វើការងារនេះឲ្យបានឆាប់រហ័ស ដើម្បីពួកគាត់អាចសាងសង់លំនៅដ្ឋាន និងតូបលក់ដូរឡើងវិញ សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ។

អាជីវករបន្តថា ពួកគាត់ ក៏បានឯកភាពជាមួយអាជ្ញាធរ បរិច្ចាកដីរបស់ពួកគាត់ម្នាក់បន្តិច ដើម្បីឲ្យអាជ្ញាធរស្ថាបនាផ្លូវក្នុងផ្សារថ្មីឲ្យបានធំទូលាយ សម្រាប់រថយន្តពន្លត់អគ្គីភ័យអាចចេញចូលបាន ។

អភិបាលក្រុងសែនមនោរម្យ លោក ឡុង វិបុល បានឲ្យដឹងថា ចំពោះដំណោះស្រាយជុំវិញការរៀបចំផ្សារសែន មនោរម្យឡើងវិញ គឺអាជ្ញាធរបាននិងកំពុងធ្វើការវាស់វែងដីជូនអាជីវករបានប្រមាណ៩០%ហើយ ទៅតាមសំណូមពរ របស់អាជីវករ ប៉ុន្តែក្រោយបញ្ចប់ការងារនេះ អាជ្ញាធរខេត្តត្រូវបញ្ជូនសំណើរបស់អាជីវករទៅឲ្យប្រមុខរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច សិន ហើយប្រសិនបើថ្នាក់ដឹកនាំឯកភាព អាជ្ញាធរខេត្តមណ្ឌលគិរី នឹងរៀបចំប្លង់ស្ថាបត្យកម្ម តម្រូវឲ្យអាជីវករ សាងសង់តូប និងផ្ទះទៅតាមផែនការបស់អាជ្ញាធរ ព្រមទាំងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័នផ្សារថ្មីឲ្យល្អប្រសើរជាងនេះ ។

សូមរម្លឹកថា ផ្សារសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានអគ្គីភ័យឆាបឆេះស្ទើរទាំងស្រុង ដោយអគ្គីភ័យមួយនេះ បានបង្កជាអណ្តាតភ្លើងឡើងនៅចន្លោះម៉ោង២រំលងអាធ្រាត ថ្ងៃ ទី១០ កុម្ភៈ ២០១៨ បណ្ដាលឲ្យមានអ្នកស្លាប់២នាក់ និងរបួសចំនួន៣នាក់។

អគ្គីភ័យនេះបានលេបត្របាក់តូប និងផ្ទះអាជីវករ ប្រមាណ៧០% ស្មើនិង១៥៨តូប-ផ្ទះ បង្ក ផលប៉ះពាល់ដល់អាជីវករ២១១គ្រួសារ ។ ចំណែកមូលហេតុនៃការឆាបឆេះផ្សារសែនមនោរម្យ ត្រូវបានមន្ត្រីអះអាង ថាបណ្ដាលមកពីទុស្សេចរន្តអគ្គីសនី៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ