ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយសមាគម ខ្មែរ-ចិន

6 ខែ មុន 91 តូ សុផល

ភ្នំពេញ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួល នឹងជួបពិភាក្សាការងារជាមួយ សមាគមខ្មែរ-ចិន ដែលដឹកនាំដោយ លោកឧកញ៉ា ពង់ ឃាវសែ។

មុននឹងចាប់ផ្តើមកិច្ចពិភាក្សា សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្វាគមន៍ នឹងជូនពរបងប្អូនសមាជិកសមាគមខ្មែរ-ចិន នឹងបងប្អូនខ្មែរចិនទូទាំងប្រទេស សូមជួបតែសេចក្តីសុខ និងប្រកបរបរទទួលទានបានជោគជ័យទាំងអស់គ្នា។ សម្តេចតេជោ មានមោទនៈភាពដែលបានប្រើប្រាស់អាគាររដ្ឋាភិបាលក្នុងការរៀបចំកិច្ចប្រជុំជាច្រើនទាំងក្នុងកម្រិតជាតិ និងអន្តរជាតិនានា រួមទាំងកិច្ចប្រជុំថ្ងៃនេះផងដែរ។ សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា សេដ្ឋកិច្ចជាតិយើងរឹងមាំដោយសារស្ថិរភាពនយោបាយរឹងមាំ នឹងដោយសារការចូលរួមពីសំណាក់អ្នកវិនិយោគទុនក្នុងប្រទេស។

សព្វថ្ងៃនេះ សមាគមខ្មែរ-ចិន នៅកម្ពុជា ដែលក្នុងនោះមានគណៈអចិន្ត្រៃយ៍១៨រូប និងសមាជិក៥០រូប ដែលមានទិសដៅចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជារួមទាំងសេដ្ឋកិច្ច សង្គមកិច្ច និងការងារផ្សេងៗដទៃទៀត។ ជាពិសេសនោះ គឺចូលរួមចំណែកលើកស្ទួយវិស័យកសិកម្ម និងកសិឧស្សាហកម្ម។ លោកឧកញ៉ា ពង់ ឃាវសែ បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរអំពីប្រវត្តិជនជាតិចិន មកកាន់កម្ពុជា នៅអំឡុងឆ្នាំ១៩២០ ដល់ឆ្នាំ១៩៤០ ដែលមកដល់ពេលនេះគឺបានប្រមូលផ្តុំគ្នាក្លាយជាសមាជិក សមាគមខ្មែរ-ចិនថ្ងៃនេះ។ លោកប្រធានក៏បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលដែលបានរំដោះប្រទេសអោយផុតពីរបបប្រល័យពូជសាសន៍ នឹងបានកសាងប្រទេសរីកចម្រើនមកទល់សព្វថ្ងៃ។ ទន្ទឹមនឹងនេះ សម្តេចតេជោ តែងតែបង្កលក្ខណៈងាយស្រួល នឹងលើកទឹកចិត្តដល់អ្នកវិនិយោគទុនអោយមានឱកាសក្នុងការវិនិយោគនៅក្នុងប្រទេស។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់លោកឧកញ៉ា ពង់ ឃាវសែ និងសមាជិកសមាជិការ សមាគមខ្មែរចិនទាំងអស់ ដែលបានចូលរួមថែរក្សាសន្តិភាព វិនិយោគ ដែលបានបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីដល់សមាគមថា កម្ពុជាមិនរើសអើងអ្នកវិនិយោគិនទេ គឺបងប្អូនអាចលទ្ឋភាពចាប់ដៃគូរកស៊ីជាមួយប្រទេសណាក៏បាន រួមទាំងតៃវ៉ាន់ផងដែរ។ ប៉ុន្តែកម្ពុជាទទួលស្គាល់តែប្រទេសចិន និងនយោបាយតែមួយ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី មានទិសដៅក្នុងការជួយពង្រឹងពាណិជ្ជករ និងអ្នវិនិយោគគិនក្នុងស្រុក អោយមានឱកាសកាន់តែច្រើនក្នុងការរកស៊ីទទួលទានតូចធំ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនជឿនលឿនទៅមុខ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ